សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់មុខមាត់កិត្តិយសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់មុខមាត់កិត្តិយសប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ ប្រវែង១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្ដាល-សមុទ្រ ខេត្តកែប នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីបន្តថា ផ្លូវទឹក (ព្រែកជីកហ្វូណនតេជោ) នឹងតភ្ជាប់មិនត្រឹមតែការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាទេ តែគឺនឹងតភ្ជាប់ទៅកាន់តំបន់ និងពិភពលោក។
សម្ដេចនាយករដ្ឋមន្រ្តីបន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផល ដោយផ្ទាល់ដល់ខេត្តចំនួន៤ក្នុងនោះមានដូចជា កណ្ដាល, តាកែវ, កំពត និងកែបជាដើម។ ក្រៅពីខេត្ត ដែលទទួលផលដោយផ្ទាល់នោះ កំពង់ស្ពឺ, កំពង់ឆ្នាំង និងបណ្ដាខេត្តនៅជាប់បឹងទន្លេសាប និងទន្លេ មេគង្គទាំងនៅភាគខាងជើង រួមទាំងភាគខាងត្បូងក៏នឹងបានទទួលផលដោយប្រយោល ពីគម្រោង«ព្រែកជីកហ្វូណនតេជោ»នេះផងដែរ៕

