រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត

ឧត្ដរមានជ័យ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្ដរមានជ័យ។
កិច្ចប្រជុំនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រាសាទតាមាន់ធំ សាលាខេត្តឧត្តរមានជ័យ ដោយមានសមាសភាពចូលរួមពីឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្ដីនឹករលឹកបំផុត។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរដល់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្ដរមានជ័យ ដែលបានយកចិត្តទុកដាក់បំពេញការងារក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។
បន្ថែមពីលើនេះឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ៕

