ហ្វីលីពីន កំពុងដំណើរការមូលនិធិសង្គ្រោះបន្ទាន់ចំនួន ៣៣៣លានដុល្លារ ដើម្បីពង្រឹងសន្តិសុខប្រេងឥន្ធនៈ

ម៉ានីល៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងថាមពលហ្វីលីពីន នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា បានឱ្យដឹងថា ខ្លួនកំពុងដំណើរការមូលនិធិសង្គ្រោះបន្ទាន់ចំនួន ២០ពាន់លានប៉េសូ ឬ ៣៣៣លានដុល្លារអាមេរិក ដើម្បីពង្រឹងសន្តិសុខប្រេងឥន្ធនៈ ចំពេលដែលតម្លៃប្រេងឆៅបន្តប្រែប្រួល ដោយសារតែសង្រ្គាមនៅឯតំបន់មជ្ឈិមបូព៌ា។
យោងតាមក្រសួងថវិកាហ្វីលីពីន (DBM) មូលនិធិ ២០ពាន់លានប៉េសូ នឹងត្រូវប្រើដើម្បីទិញផលិតផលឥន្ធនៈ ដូចជាប្រេងម៉ាស៊ូត សាំង និងហ្គាស ដើម្បីបង្កើនទុនបម្រុងជាតិ និងជួយរក្សាស្ថិរភាពតម្លៃ។ នេះជាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាល ដើម្បីការពារប្រជាជនហ្វីលីពីនពីការប៉ះទង្គិចខាងក្រៅ និងដើម្បីធានាថាមានប្រេងឥន្ធនៈសម្រាប់ផ្គត់ផ្គង់។
កាសែតក្នុងស្រុក Philippine Star បានរាយការណ៍ដោយដកស្រង់សម្តីរដ្ឋមន្រ្តីថាមពល លោកស្រី Sharon Garin ដែលនិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនប្រេងជាតិហ្វីលីពីនគ្រប់គ្រងដោយរដ្ឋ នឹងដឹកនាំការទិញប្រេង ៤០០ ០០០បារ៉ែលពីប្រទេសជិតខាងអាស៉ីអាគ្នេយ៍ និង ៦០០ ០០០បារ៉ែលពីកន្លែងផ្សេងទៀត៕

