សម្ដេចធិបតី ចង់ឱ្យខេត្តនីមួយៗធ្វើការប្រកួតប្រជែង កំណើនផលិតផលសរុបក្នុងខេត្តនីមួយៗ (GDP) ដើម្បីបង្កើនការអភិវឌ្ឍដោយផ្ទាល់នៅក្នុងខេត្ត

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ថ្ងៃខាងមុខចង់ឱ្យខេត្តនីៗរបស់កម្ពុជាធ្វើការប្រកួតប្រជែង នៃកំណើនផលិតផលសរុបក្នុងខេត្តនីមួយៗ (GDP) ដើម្បីបង្កើនការអភិវឌ្ឍដោយផ្ទាល់នៅក្នុងខេត្ត។
សម្ដេចធិបតីលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។
សម្តេចធិបតីបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេលវែង។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ទឹកស្អាតគឺជាប្រភពនៃសុខុមាលភាព និងបម្រើសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ជាមួយគ្នានេះ ទឹកស្អាតក៏ជាប្រភពនៃការផលិតទំនិញ និងម្ហូបអាហារដ៏សំខាន់ផងដែរ៕
