ឯកឧត្តម រិន វីរៈ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “មេតាទិន្នន័យ (Metadata) ដោយប្រើប្រាស់ទិន្នន័យជំរឿន អង្កេត និងទិន្នន័យរដ្ឋបាល”

កំពត៖នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេច មហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាគណៈអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “មេតាទិន្នន័យ (Metadata) ដោយប្រើប្រាស់ទិន្នន័យជំរឿន អង្កេត និងទិន្នន័យរដ្ឋបាល”។
សិក្ខាសាលាផ្សព្វផ្សាយនេះមានគោលបំណង ដើម្បីផ្ដល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍បច្ចេកទេសផ្នែកឌីជីថល ដល់មន្ត្រីបច្ចេកទេសនៅថ្នាក់ក្រោមជាតិ សម្រាប់កសាងសមត្ថភាពយល់ដឹងបន្ថែមអំពីតួនាទី និងមុខងារដ៏មានសារសំខាន់របស់មេតាទិន្នន័យនៅក្នុងប្រព័ន្ធស្ថិតិជាតិ និងរបៀបបំពេញព័ត៌មានមេតាទិន្នន័យសម្រាប់អ្នកប្រើប្រាស់ទូទៅ។
សិក្ខាសាលានេះ មានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពមន្ត្រីក្នុងការរៀបចំ និងគ្រប់គ្រង ទិន្នន័យតាមស្តង់ដាអន្តរជាតិ ដោយប្រើប្រាស់កម្មវិធី NADA (National Data Archive) និង CamStat ដែលជាកម្មវិធីស្ថិតិសម្រាប់ការគ្រប់គ្រង និងផ្សព្វផ្សាយទិន្នន័យស្ថិតិជាតិ និងសម្រាប់ការតភ្ជាប់ទៅនឹងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។

