តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៉ើបសួរលើអ្នកបើកបររថយន្ដបង្ក និងកូនប្រុសអភិបាលស្រុកកងមាស ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បុកអ្នកដំណើរម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៉ើបសួរលើអ្នកបើកបររថយន្ដបង្ក និងកូនប្រុសអភិបាលស្រុកកងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបុកអ្នកដំណើរម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ។
មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលនេះតំណាងអយ្យការកំពុងបន្ដនីតិវិធីនៃការស៉ើបសួរ ហើយមិនទាន់អាចបញ្ជាក់អំពីចំណាត់ការយ៉ាងណានោះទេ ប៉ុន្ដែបើតាមនីតិវិធី ប្រសិនបើតំណាងអយ្យការយល់ឃើញថា អង្គហេតុខាងលើជនសង្ស័យទាំង២នាក់ មានពិរុទ្ធភាពនោះ នឹងត្រូវចោទប្រកាន់ជាផ្លូវការ តាមព្យសនកម្មនៃបទល្មើស ហើយបន្តបញ្ជូនសំណុំរឿងទៅចៅក្រមស៉ើបសួរ។
សូមរំលឹកថា ស្ដ្រីម្នាក់ រួមជាមួយបុរសដែលគេស្គាល់ថាជាកូនអភិបាលស្រុកកងមាស បានបើករថយន្ដបុកអ្នកធ្វើដំណើរតាមដងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់។ ក្រោយមកបុរសដែលជាកូនអភិបាលស្រុក ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានបោះសម្ដីថា «បើងាប់សង២មុឺនដុល្លារ» ស្រាប់តែប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បា នាំគ្នាដាក់ម្នាក់មួយដៃបែកក្បាលជន។
ហេតុការណ៍ នេះ បាន កេីត ឡើង នៅយប់ថ្ងៃ ទី ១៨ ខែ មីនា ឆ្នាំ ២០២៦ ស្ថិត នៅ តាម បណ្ដោយ ផ្លូវ លេខ១៧១១ ក្នុង សង្កាត់ គីឡូម៉ែត្រ លេខ៦ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ។
រថយន្ដបង្កម៉ាក FORTHING ពាក់ ផ្លាក លេខ កម្ពុជា P.YEAN.7 បានបេីក បុក ម៉ូតូ មួយគ្រឿង ម៉ាក HONDA TODAY ពាក់ ផ្លាក លេខ ភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញកាមេរ៉ាសុវត្ថិភាពដែលបញ្ជាក់ថា កូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម មិនមែនជាអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍នោះទេ ពោលអ្នកបើកបរគឺជាស្ដ្រីម្នាក់។ បើមើលតាមស្ថានភាពជាក់ស្ដែង គឺបុរសខាងលើមិនអាចបើករថយន្ដបានឡើយ ដោយសារតែស្ថានភាពស្រវឹងជោគជាំ៕

