វិមានក្រឹមឡាំង៖ ប្រធានាធិបតី ពូទីន បានផ្ញើសារទៅកាន់មេដឹកនាំអ៉ីរ៉ង់ ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីហើយបាននិយាយថា ទីក្រុងមូស្គូនៅតែជាមិត្តស្មោះស្ម័គ្រ និងជាដៃគូអាចជឿទុកចិត្តបាន

មូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ នាថ្ងៃសៅរ៍នេះ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានផ្ញើសារទៅកាន់មេដឹកនាំអ៉ីរ៉ង់ ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីនៃប្រទេសអ៉ីរ៉ង់ ហើយបាននិយាយថា ទីក្រុងមូស្គូនៅតែបន្តជាមិត្តស្មោះស្ម័គ្រ និងជាដៃគូអាចជឿទុកចិត្តបានសម្រាប់ទីក្រុងតេហេរ៉ង់។
វិមានក្រឹមឡាំងបានឱ្យដឹងថា លោក ពូទីន បានផ្ញើសារអបអរទៅកាន់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei និងប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់សាធារណរដ្ឋអ៉ីស្លាមមួយនេះ ហៅថា Nowruz។
បើតាមវិមានក្រឹមឡាំង លោកប្រធានាធិបតីរុស្ស៉ី បានជូនពរឱ្យ ប្រជាជនអ៉ីរ៉ង់អាចជម្នះឧបសគ្គដ៏លំបាកដោយសេចក្តីថ្លៃថ្នូរ ហើយបានសង្កត់ធ្ងន់ថា ក្នុងពេលវេលាដ៏លំបាកនេះ ទីក្រុងមូស្គូនៅតែបន្តជាមិត្តស្មោះស្ម័គ្រ និងជាដៃគូដែលអាចជឿទុកចិត្តបានរបស់ទីក្រុងតេហេរ៉ង់។
ទោះជាបែបនេះក្តី កម្រិតជាក់ស្តែងនៃការជួយគាំទ្ររបស់ទីក្រុងមូស្គូសម្រាប់ទីក្រុងតេហេរ៉ង់ ដែលកំពុងស្ថិតក្នុងសង្រ្គាមប្រឆាំងសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល គឺមានភាពមិនច្បាស់នោះទេ។
ប្រភពមួយចំនួនពីខាងអ៉ីរ៉ង់ បានអះអាងថា ប្រទេសរបស់ពួកគេ ទទួលបានការជួយជាក់ស្តែងតិចតួចប៉ុណ្ណោះពីមូស្គួ ចំពោះមុខវិបត្តិដ៏ធំបំផុតសម្រាប់ប្រទេសអ៉ីរ៉ង់ គិតចាប់តាំងពីបដិវត្តន៍អ៉ីស្លាម ដែលបានផ្តួលរំលំរបបស្តេច Shah អ៉ីរ៉ង់ ដែលគាំទ្រដោយអាមេរិក កាលពីឆ្នាំ១៩៧៩៕
