ឥណ្ឌូណេស៉ីកំពុងឈានទៅរក កិច្ច ព្រមព្រៀងជាមួយឥណ្ឌា ក្នុងការទិញ យក ប្រព័ន្ធ មីស៊ីល BrahMos

ហ្សាការតា៖ លោក Rico Ricardo Sirait អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៉ី បានប្រាប់ Reuters កាលពីថ្ងៃចន្ទ ទី៩ ខែមីនា ថាឥណ្ឌូណេស៉ីកំពុងឈានទៅរក កិច្ច ព្រមព្រៀងជាមួយឥណ្ឌា ក្នុងការទិញ យក ប្រព័ន្ធ មីស៊ីល BrahMos។
នៅក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន BrahMos ដែលជាសហកម្មសិទ្ធិរវាងរដ្ឋាភិបាលឥណ្ឌា និងរុស្ស៉ី បានប្រាប់ Reuters ថាខ្លួនកំពុងពិភាក្សាកម្រិតខ្ពស់ជាមួយទីក្រុងហ្សាការតា ពាក់ព័ន្ធកិច្ចព្រមព្រៀងដែលមានតម្លៃចាប់ពី ២០០លានដុល្លារទៅ ៣៥០លានដុល្លារ។
តាមការបញ្ជាក់របស់ លោក Rico កិច្ចព្រមព្រៀងនាពេលនេះ គឺជាផ្នែកមួយនៃផែនការធ្វើទំនើបកម្មសម្ភារយោធា និងសមត្ថភាពការពារជាតិ ពិសេសនៅក្នុងវិស័យដែនសមុទ្រ។ លទ្ធកម្មនេះ នឹងពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៉ី និងឥណ្ឌាក្នុងវិស័យការពារជាតិ។
គួរបញ្ជាក់ថា BrahMos ទទួលបាន ការទិញពីបរទេស លើក ដំបូងដោយ ហ្វីលីពីន ដែល ជា ប្រទេស ជិត ខាង អាស៉ីអាគ្នេយ៍ របស់ ឥណ្ឌូណេស៉ី នៅ ឆ្នាំ ២០២២។ ប្រព័ន្ធ មីស៉ីលអាចប្រើប្រាស់សម្រាប់ការបាញ់ចេញពី ដីគោក ផ្លូវអាកាស តាម នាវា និង នាវាមុជទឹក៕
