កាណាដា គ្រោងផ្តល់ជំនួយដល់គុយបា ខណៈប្រទេសកោះមួយនេះ កំពុងជួបកង្វះខាតប្រេងឥន្ធនៈ

អូតាវ៉ា៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ កាណាដា គ្រោងផ្តល់ជំនួយដល់គុយបា ខណៈប្រទេសកោះមួយនេះ កំពុងជួបកង្វះខាតប្រេងឥន្ធនៈ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន ដាក់ចេញនូវចំណាត់ការរារាំងលំហូរផ្គត់ផ្គង់ប្រេងចូលទៅគុយបា។
រដ្ឋបាលលោក ត្រាំ បានហាមប្រាមការដឹកជញ្ជូនប្រេងទៅគុយបា រួមទាំងពីសម្ព័ន្ធមិត្តវ៉េណេស៊ុយអេឡា ធ្វើឱ្យតម្លៃម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនកើនឡើង ហើយជំរុញឱ្យមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ និងការដាច់ភ្លើងច្រើនម៉ោង។ ដោយមិនផ្តល់ព័ត៌មានលម្អិត រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand បាននិយាយថា «យើងកំពុងរៀបចំផែនការដើម្បីជួយ តែមិនទាន់អាចធ្វើសេចក្តីប្រកាស នាពេលនេះបាននៅឡើយទេ»។
គួរបញ្ជាក់ថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងវ៉ាស៉ីនតោន បានបង្កើនយុទ្ធនាការដាក់សម្ពាធលើគុយបា ដែលគ្រប់គ្រងដោយរដ្ឋាភិបាលកុម្មុយនិស្ត។ អង្គការសហប្រជាជាតិ ក៏ព្រមានដែរថា ប្រសិនបើតម្រូវការថាមពលរបស់គុយបា មិនត្រូវបានបំពេញទេនោះ វាអាចបណ្តាលឱ្យមានវិបត្តិមនុស្សធម៌៕

