អភិបាលខេត្តរតនគិរី អញ្ជើញប្រគល់អំណោយ ជូនប្រជាពលរដ្ឋភៀសសឹកជិត ១០០គ្រួសារ

រតនគិរី៖ ប្រជាពលរដ្ឋភៀសសឹកចំនួន ៩៥គ្រួសារ ទទួលបានអំណោយសប្បុរសធម៌ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ ពិធីចែកអំណោយសប្បុរសធម៌នេះ ត្រូវបានរៀបចំធ្វើឡើងក្នុងទីធ្លាសាលាខេត្តរតនគិរី នាថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៦។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ ចែកជូនដល់គ្រួសារវីរកងទ័ព និងជនភៀសសឹក មកពីបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ៩៥គ្រួសារ កំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងមូលដ្ឋានខេត្ត រតនគិរី នាពេលនេះ ឯកឧត្តម ញ៉ែម សំអឿន បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកតា លោកយាយ និងពុកម៉ែបងប្អូនទាំងអស់ បានយល់ព្រមលះបង់នូវសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ដូចជា ប្តី ប្រពន្ធ កូន ឬចៅ ឱ្យទៅបំពេញភារកិច្ចជាទាហានជួរមុខ ដើម្បីការពារជាតិសាសន៍ពីសង្រ្គាមឈ្លានពានរបស់ប្រទេសជិតខាង។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការដែលពុកម៉ែបងប្អូន ដាច់ចិត្តឱ្យសាច់ឈាមបង្កើត ចាកចេញពីផ្ទះសម្បែង ទៅកាន់សមរភូមិជួរមុខ ប្រឈមមុខនឹងគ្រាប់កាំភ្លើង និងការឈ្លានពានពីសត្រូវ គឺជាការលះបង់ដ៏ធំធេងបំផុតដែលមិនអាចកាត់ថ្លៃបាន។ បើគ្មានការលះបង់និងស្មារតីស្នេហាជាតិពីសំណាក់ពុកម៉ែបងប្អូន និងវីរកងទ័ពយើងទេនោះ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន ក៏មិនអាចរក្សាបានរឹងមាំដូចពេលនេះដែរ។
ឯកឧត្តម ញ៉ែម សំអឿន ក៏បានបន្ថែមទៀតថា វត្តមានរបស់បងប្អូនជនភៀសសឹកដែលបានចាកចេញពីតំបន់ព្រំដែន គឺជាសាក្សីរស់នៃការតស៊ូ និងការឈឺចាប់ដែលបង្កឡើងដោយការរំលោភបំពានពីសំណាក់ក្រុមទាហានសៀមដែលនៅតែបន្តធ្វើសង្រ្គាមឈ្លានពានមកលើបូរណភាពទឹកដីរបស់យើង ក៏ដូចជាបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន វត្តអារាម ទ្រព្យសម្បត្តិ លំនៅដ្ឋានប្រជាពលរដ្ឋ ជនភៀសសឹកជាច្រើនម៉ឺនគ្រួសារត្រូវបង្ខំចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដោយសារតែសង្រ្គាមឈ្លានពានរបស់សៀម ដែលទង្វើឈ្លានពានមកលើប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជា យើងទាំងអស់គ្នាឈឺចាប់ និងចងចាំមិនអាចបំភ្លេចបាននោះឡើយ។
ឯកឧត្តម អភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត នឹងមិនទុកឱ្យបងប្អូនណាម្នាក់ ឱ្យរស់នៅឯកោឡើយ។ ការនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកានាពេលនេះ គឺជាការចូលរួមចំណែកសម្រាលទុក្ខលំបាក និងជាការបង្ហាញនូវការដឹងគុណចំពោះវីរភាពរបស់គ្រួសារកងទ័ពដែលបានឈរជើងការពារទឹកដីខ្មែរ ពីឈ្លានពានពីប្រទេសជិតខាងកុំឱ្យរំលោភបំពានមកលើអធិបតេយ្យភាពជាតិបានឡើយ៕

