ក្មួយស្រីពិការជើង សឿង សំរង ទទួលការយកចិត្តទុកដាក់ និងជំនួយពីក្រុមការងារឯកទេស ក្នុងការធ្វើអវយវៈជើងសិប្បនិម្មិត និងផ្តល់ឧបករណ៍ជំនួយចាំបាច់រួចរាល់ហើយ

ភ្នំពេញ៖ មកដល់ពេលបច្ចុប្បន្ននេះ ករណីក្មួយស្រីពិការជើងម្នាក់ឈ្មោះ សឿង សំរង អាយុ ១០ ឆ្នាំ បានទទួលការយកចិត្តទុកដាក់ និងជំនួយពីក្រុមការងារឯកទេស ក្នុងការធ្វើអវយវៈជើងសិប្បនិម្មិត និងផ្តល់ឧបករណ៍ជំនួយចាំបាច់រួចរាល់ហើយ។
កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះក្មួយស្រី សឿង សំរង ដែលមានពិការជើងដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ រស់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានបន្តអនុវត្តចាត់តាំងក្រុមការងារមន្ទីរបញ្ជូនក្មួយស្រីទៅធ្វើអវយវៈជើងសិប្បនិម្មិត និងផ្តល់ឧបករណ៍ជំនួយនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទារាជធានីភ្នំពេញ។
ជាមួយគ្នានោះ មន្ទីរក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ទៅប្រគល់ជូនក្មួយស្រី និងគ្រួសារ រួមមាន រទេះជនពិការចំនួន ០១ គ្រឿង សម្ភារសិក្សាមួយចំនួន សម្ភារៈឧបភោគបរិភោគ និងថវិកាចំនួន ៤០ ម៉ឺនរៀល៕

