សិក្ខាសាលាស្តីពីការប៉ាន់ប្រមាណ ការស្វែងយល់បន្ថែមពីចំណេះដឹង ជំនាញ បទពិសោធន៍និងតម្រូវការរបស់មន្ត្រីរាជរដ្ឋាភិបាលជួរមុខ(នគរបាល ចៅក្រម ព្រះរាជអាជ្ញានិងមន្ត្រីផ្នែកសង្គមកិច្ច)

បន្ទាយមានជ័យ៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែមករាឆ្នាំ ២០២៦ បានរៀបចំសិក្ខាសាលាស្ដីពីការប៉ាន់ប្រមាណ ការស្វែងយល់បន្ថែមពីចំណេះដឹង ជំនាញបទពិសោធន៍និងតម្រូវការរបស់មន្ត្រីរដ្ឋាភិបាលជួរមុខ(នគរបាល ចៅក្រម ព្រះរាជអាជ្ញានិងមន្ត្រីផ្នែកសង្គមកិច្ច)ក្នុងការអនុវត្តការងារប្រឆាំងការជួញដូរមនុស្សក្នុងខេត្តបន្ទាយមានជ័យ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី រស់ សុផានី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានលេខាធិការរដ្ឋានគ.ខ.ប.ជ តំណាងឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីរកញ្ញា ហុក វីនិរ៉ា ប្រធានផ្នែកច្បាប់និងគោលនយោបាយនាយកអង្គការ IJM និងសិក្ខាកាមចូលរួមជាច្រើននាក់ ។
កញ្ញា ហុក វីនិរ៉ា ប្រធានផ្នែកច្បាប់និងគោលនយោបាយនាយកអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ( IJM ) មានប្រសាសន៍ថា៖ ការងាររបស់អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ( IJM ) គឺគាំទ្រទៅដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេនាធិការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ពិសេសអំពើជួញដូរពលកម្មឆ្លងដែន។ អង្គារ IJM កំពុងសហការជាមួយក្រសួងស្ថាប័នដែលពាក់ព័ន្ធក្នុងការសង្រ្គោះជនរងគ្រោះ ផ្តល់សេវាសមស្របដល់ជនរងគ្រោះ ការផ្តន្ទាទោសជនល្មើស ព្រមទាំងផ្តល់វគ្គបណ្តុះបណ្តាលផ្សេងៗដល់មន្ត្រីសង្គមកិច្ច មន្ត្រីនគរបាលយុត្តិធម៌ ចៅក្រម និងព្រះរាជអាជ្ញាផងដែរ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការកសាងគោលនយោបាយថ្នាក់ជាតិ ជាមួយនិងក្រសួង មន្ទីរពាក់ព័ន្ធ គជបជ និងអង្គការដៃគូនានាពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។
កញ្ញា ហុក វីនិរ៉ា បានគូសបញ្ជាក់ថា ក្រោមអនុស្សរណៈនៃការយោគយល់ MOU រវាង (ក្រសួងមហាផ្ទៃ សង្គមកិច្ចនិងយុវនិត្តិសម្បទាព្រមទាំងគជបជ ) ការងារនិងកម្មវិធីរបស់អង្គការ IJM មានគោលបំណងតែមួយគត់ គឺការពារប្រជាជនកម្ពុជា ដែលងាយរងគ្រោះ ដោយអំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចពលកម្មនៅឯក្រៅប្រទេសនិងនិយាយឲ្យចំពលករចំណាកស្រុកខ្មែរយើងដែលទៅធ្វើការប្រទេសក្រៅ ពិសេសថៃនិងម៉ាឡេស៊ី ។
មានមតិក្នុងពិធីបើកសិក្ខាសាលានេះផងដែរ លោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋានគ.ខ.ប.ជ បានគូសបញ្ជាក់ផងដែរថា នៅក្នុងក្នុងអំឡុងខែតុលា ឆ្នំ២០២៥ អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) បានសហការជាមួយគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ដើម្បីការពារពលករក្នុងបរិបទទេសន្តរប្រវេសន៍ ស្របតាមផែនការសកម្មភាពបន្ទាប់គឺការរៀបចំសិក្ខាសាលា ដើម្បីធ្វើការប៉ាន់ប្រមាណតម្រូវការនិងការវាស់ស្ទង់សមត្ថភាពរបស់មន្ត្រីទទួលផែនការប្រយុទ្ធប្រឆាំងការជួញដូរក្នុងន័យឆ្លើយតបទៅលើការអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលរបស់មន្ត្រីនគរបាលជាតិ ចៅក្រម ព្រះរាជ្ញា ក្រឡាបញ្ជីនិងមន្ត្រីសង្គមកិច្ច ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរពលកម្ម។
លោកស្រីអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា សិក្ខាសាលានេះមានសារៈសំខាន់ណាស់ក្នុងបរិបទដែលរាជរដ្ឋាភិបាលកំពុងផ្តោតអាទិភាពខ្ពស់លើការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុហស្សគ្រប់ទម្រង់ ពិសេសអំពើកេងប្រវ័ញ្ចពលកម្មនិងអំពើពាក់ព័ន្ធទេសន្តរប្រវេសន៍។ ការចូលរួមរបស់អង្គការ IJM ជាមួយណៈកម្មាធិការជាតិនិងគណៈកម្មាធិការខេត្តបន្ទាយមានជ័យ គឺជាកម្លាំងសំខាន់មួយដែលជួយបង្កើនសមត្ថភាពដល់មន្ត្រីនិងអង្គភាពពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពបន្តប្រយុទ្ធប្រឆាំងនិងការពារពលករចំណាកស្រុកកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនោះផងដែរ ក៏សូមថ្លែងអំណរគុណចំពោះអង្គការ IJM ដែលបានគាំទ្រផ្នែកបច្ចេកទេសនិងធនធានបានរៀបចំសិក្ខាសាលានេះឡើងដើម្បីពង្រឹងទំនាក់ទំនងនិងពង្រឹងសមត្ថភាពមន្ត្រីជួរមុខ។ ជាងនេះទៀតក៏សូមឲ្យឱកាសនេះក្លាយជាកំណត់ហេតុថ្មីមួយសម្រាប់ការងារប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្សនៅខេត្តបន្ទាយមានជ័យនេះផងដែរ៕

