ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៖ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដែលគាំទ្រដល់ការអភិវឌ្ឍសង្គម

ភ្នំពេញ៖ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងថា ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដែលគាំទ្រដល់ការអភិវឌ្ឍសង្គម ក្រោយទទួលបានសន្តិភាពក្នុងទសវត្សរ៍ឆ្នាំ១៩៩០ កម្ពុជាមានការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ក្នុងនោះវិស័យអប់រំកម្ពុជាក៏ចាំបាច់ត្រូវបន្តជម្នះបញ្ហាប្រឈមផ្សេងៗរួមទាំងការធានាគុណភាព និងបរិមាណគ្រូបង្រៀនផងដែរ។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនបានថ្លែងដូចនេះ នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មី និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាព្រៃច្រាប នៅក្នុងទីក្រុងឧដុង្គ ដែលជាជំនួយរបស់ ណាហ្គូយ៉ា មិយ៉ាណូម៉ូរី រ៉ូតារីក្លឹប កាលពីថ្ងៃម្សិលម៉ិញនេះ។
ក្រុមហ៊ុននេះបានបើកដំណើរការ «សាលាយ៉ាបាតុន» ក្នុងទីក្រុងឧដុង្គ នៅក្នុង ឆ្នាំ២០០៨ ហើយចាប់ពីពេលនោះរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានសាងសង់ និងផ្តល់ជូនសាលារៀនចំនួន ៥ កន្លែងនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់បរិយាកាសសិក្សាដែលល្អប្រសើរដល់កុមារដែលជាអនាគតរបស់ប្រទេសកម្ពុជា។
ឯកឧត្តម ឯកអគ្គរាជទូតបានបញ្ជាក់ថា ការលើកកម្ពស់គុណភាព នៃការអប់រំត្រូវបានដាក់បញ្ចូលជាកិច្ចការអាទិភាពមួយ ក្នុងចំណោមកិច្ចការអាទិភាពកំពូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
រដ្ឋាភិបាលជប៉ុនក៏បានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពមួយ សម្រាប់ជំនួយដល់កម្ពុជា ហើយជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលជប៉ុនក៏បាននិងកំពុងផ្តល់ការគាំទ្រជាច្រើន រួមមាន៖ ការសាងសង់វិទ្យាស្ថានគរុកោសល្យ ការសាងសង់សាលារៀន និងការកែលម្អបរិយាកាសអប់រំ ការបញ្ជូនអ្នកស្ម័គ្រចិត្ត JICA ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ និងការគាំទ្រដល់ការពង្រីកការអប់រំឌីជីថលជាដើម។
ឯកឧត្តមបានបង្ហាញនូវមោទនភាពដែលជំនួយទាំងនោះ បានក្លាយជាមូលដ្ឋានគ្រឹះមួយសម្រាប់ការអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ហើយក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសជប៉ុន និងកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានលើកឡើងពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ហើយរដ្ឋាភិបាលជប៉ុនស្វាគមន៍ការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការវិលត្រឡប់របស់ទាហានកម្ពុជា១៨រូប ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបានបន្តអនុវត្តយ៉ាងប្រាកដប្រជា។
រដ្ឋាភិបាលជប៉ុនមានបំណងបន្តកិច្ចខិតខំប្រឹងប្រែង និងផ្តល់ការគាំទ្រនានា រួមទាំងសកម្មភាពការទូត ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធ រួមមាន សហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ាន៕

