វិចារណកថា៖ ការដុតសំរាមក្នុងទីសាធារណៈផលប៉ះពាល់លើបរិស្ថាន សុខភាពមនុស្ស និងសង្គម

ការដុតសំរាម ឬកាកសំណល់ក្នុងទីសាធារណៈ ជាបញ្ហាដែលកើតមានជាញឹកញាប់នៅក្នុងសហគមន៍ជាច្រើន ជាពិសេសនៅតំបន់ទីក្រុង និងជនបទដែលប្រព័ន្ធគ្រប់គ្រងសំរាមមិនទាន់មានប្រសិទ្ធភាព។ ទោះបីជាការដុតសំរាម ការដុតភ្លើងផ្សេងៗ ការដុតជញ្ជ្រាំងស្រូវ ឬការដុតព្រៃ ត្រូវបានមើលថាជាវិធីងាយស្រួល និងឆាប់រហ័សក្នុងការបំផ្លាញកាកសំណល់ក៏ដោយ ប៉ុន្តែវាបង្កបង្កហានិភ័យខ្ពស់ទៅលើបរិស្ថាន សុខភាពមនុស្ស និងសង្គមទាំងមូល។
១. សារធាតុពុលក្នុងផ្សែងសំរាម និងគ្រោះថ្នាក់ចំពោះសុខភាព
ផ្សែងពីសំរាមឬកាកសំណល់ដុតមានសារធាតុពុលជាច្រើន ដែលអាចចូលទៅក្នុងសួតតាមរយៈការដកដង្ហើម។ វាបង្កឲ្យមានជំងឺផ្លូវដង្ហើម ដូចជា ជំងឺហឺត ក្អករ៉ាំរ៉ៃ ជំងឺសួត និងជំងឺបេះដូង។ កុមារ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះគឺជាក្រុមដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ការប៉ះពាល់រយៈពេលវែងអាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរដូចជា មហារីក និងការបាត់បង់សមត្ថភាពធ្វើការ ដែលធ្វើឲ្យគុណភាពជីវិតធ្លាក់ចុះ។ នៅពេលសំរាមឬកាកសំណល់ (ជាពិសេសប្លាស្ទិក កៅស៊ូ និងកាកសំណល់គីមី) ត្រូវបានដុតក្នុងសីតុណ្ហភាពមិនខ្ពស់ វាបញ្ចេញសារធាតុពុលគ្រោះថ្នាក់ជាច្រើនដូចជា៖
– ឌីអុកស៊ីត (Dioxins) និង ហ្វូរ៉ង់ (Furans): ជាសារធាតុពុលកម្រិតធ្ងន់បំផុត ដែលបង្កឱ្យមានជំងឺមហារីក ប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ និងប្រព័ន្ធបន្តពូជ
– ភាគល្អិតល្អិត (Particulate Matter – PM2.5): ភាគល្អិតតូចៗដែលអាចចូលជ្រៅទៅក្នុងសួត និងចរន្តឈាម បង្កជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូង
– ឧស្ម័នកាបូនម៉ូណូអុកស៊ីត (Carbon Monoxide): កាត់បន្ថយសមត្ថភាពឈាមក្នុងការបញ្ជូនអុកស៊ីសែនទៅកាន់សារពាង្គកាយ
– លោហៈធ្ងន់ (Heavy Metals): ដូចជាជាតិសំណ (Lead) និងបារត (Mercury) ដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងការលូតលាស់របស់កុមារ។
២.ផលប៉ះពាល់ខ្លាំងក្លាលើបរិស្ថាន
នៅពេលសំរាមឬកាកសំណល់ត្រូវបានដុត វាបញ្ចេញឧស្ម័នពុល និងភាគល្អិតតូចៗចូលទៅក្នុងខ្យល់ ដូចជា ផ្សែងខ្មៅ និងសារធាតុគីមីគ្រោះថ្នាក់។ សារធាតុទាំងនេះបង្កការបំពុលខ្យល់ ប៉ះពាល់ដល់គុណភាពបរិយាកាស និងរួមចំណែកក្នុងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ទឹកភ្លៀងអាចនាំយកសារធាតុពុលពីសំណល់ដុតចូលទៅក្នុងដី និងប្រភពទឹក បណ្តាលឲ្យដីខូចគុណភាព និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។
៣. ផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសោភ័ណភាពសង្គម
ផ្សែង និងក្លិនស្អុយបង្កការរអាក់រអួលក្នុងការរស់នៅប្រចាំថ្ងៃ បង្កជម្លោះរវាងអ្នកដុតសំរាមកាកសំណល់ និងអ្នករស់នៅជិតខាង។ វាធ្វើឲ្យបាត់បង់សោភ័ណភាពទីក្រុង និងសហគមន៍ ប៉ះពាល់ដល់ទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន។ លើសពីនេះ ការអនុវត្តនេះបង្ហាញពីការខ្វះការយល់ដឹង និងវិន័យសង្គម ដែលអាចធ្វើឲ្យការអនុវត្តច្បាប់ និងការរស់នៅរួមគ្នាកាន់តែពិបាក។
៤.ដំណោះស្រាយ និងការចូលរួម
ដើម្បីដោះស្រាយបញ្ហានេះ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគី។ រដ្ឋាភិបាលត្រូវធ្វើការផ្សព្វផ្សាយ ការពារ និងទប់ស្កាត់ការដុតភ្លើង ដុតសំរាម ជញ្ជ្រាំងស្រូវ ឬការដុតព្រៃ ជាអតិបរមា ដើម្បីចៀសវាងល្អងធូលី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដាច់ខាតត្រូវការពារឱ្យខាងតែបាននូវគុណភាពខ្យល់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋផង និងបរិស្ថាន។ សហគមន៍ និងប្រជាពលរដ្ឋគួរតែបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃការដុតសំរាម ឬកាកសំណល់ផ្សេងៗ និងអនុវត្តវិធីសាស្ត្រដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជា ការបំបែកសំរាម ការកែច្នៃ និងការប្រើប្រាស់ឡើងវិញ។
៥.សន្និដ្ឋាន
ការដុតសំរាមក្នុងទីសាធារណៈមិនមែនជាបញ្ហាតូចតាចទេ ប៉ុន្តែជាបញ្ហាធ្ងន់ធ្ងរដែលប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្ស និងសង្គមទាំងមូល។ ការបញ្ឈប់ការដុតសំរាម ឬកាកសំណល់ គឺជាការការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសហគមន៍។ ការទុកដាក់សំរាមបានត្រឹមត្រូវ គឺជាសញ្ញានៃការរស់នៅដោយស៊ីវិល័យ និងការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថានមិនថាតែជំនាន់នេះ ប៉ុន្តែសម្រាប់ជំនាន់ក្រោយៗផងដែរ៕
