ឯកឧត្តម សុខ លូ អញ្ជើញប្រគល់អំណោយដែលទទួលបានពីសប្បុរសជនឧបត្ថម្ភជូនកងវីរកងទ័ពកំពុងឈរជើងការពារនៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានបន្តអញ្ជើញប្រគល់អំណោយដែលទទួលបានពីសប្បុរសជនជាបន្តបន្ទាប់ មានគ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់ចាំបាច់ ដែលឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្តនិងអាហារក្រៀម អាហារឆ្អិនស្រាប់ អំបុក ដែលដឹកនាំចម្អិនដោយ លោកជំទាវ ភរិយា ឯកឧត្តមអភិបាលខេត្ត ឧបត្ថម្ភជូនកងវីរកងទ័ពកំពុងឈរជើងការពារនៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងតស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីកម្ពុជាយ៉ាងអង់អាចក្លាហានបំផុត ដើម្បីលើកទឹកចិត្តដល់វីរកងទ័ព និងបង្ហាញពីទឹកចិត្តស្នេហាជាតិ ប្រជាពលរដ្ឋដែលជាកម្លាំងជួរក្រោយ បានចូលរួមឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់មិនឱ្យមានការខ្វះខាតឡើយ។
ឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណដល់ ក្រុមការងារ យុវជន យុវតី អ្នកស្ម័គ្រចិត្ត ដែលបានខិតខំជួយអស់ពីកម្លាំងកាយ កម្លាំងចិត្ត ក្នុងការចម្អិន វេចខ្ចប់ម្ហូបអាហារ សម្រាប់ចែកជូនវីរៈកងទ័ព និងបងប្អូនភៀសសឹកកន្លងមក៕

