អាជ្ញាធរមីន៖ ទោះជាស្ថានការណ៍ព្រំដែន កម្ពុជា-ថៃបានធូរស្រាលការភ័យក្លាយនៅតែបន្តមានដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅពាសពេញដី និងស្រែចម្ការ ពិសេសគ្រាប់បែកចង្កោម

ហ្សឺណែវ ស្វីស៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន ទី១ អាជ្ញាធរមីនទទួលជំនួបទ្វេភាគីជាមួយ លោក Jason Kelland មន្ត្រីជាន់ខ្ពស់កាណាដា ទទួលបន្ទុកកិច្ចការគោលនយោបាយ កិច្ចការមិនរីកសាយភាយអាវុធ និងកិច្ចការរំសាយអាវុធ។
ក្នុងជំនួបនេះតាងនាមឱ្យរាជរដ្ឋាភិបាល កម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពការទូត និងសហប្រតិបត្តិការរវាងកម្ពុជា និង កាណាដា ព្រមទាំងបានថ្លែងអំណរគុណដល់កាណាដា ដែលបានគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីន និងបានស្នើឱ្យកាណាដាបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្ដម លី ធុជ បាន ជម្រាបប្រាប់លោក Jason Kelland អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលលំបាករបស់ប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃការភៀសខ្លួនគេចចេញពីការវាយប្រហាររបស់យោធាថៃ ទៅកាន់ទីមានសុវត្ថិភាព។ហេដ្ឋារចនាសម្ព័ន្ធសាធារណ ផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារាម និងប្រាសាទបុរណ ត្រូវទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយសារការវាយប្រហារនេះ។
ឯកឧត្ដម បញ្ជាក់ ទៀត ថា បច្ចុប្បន្ន ទោះជាស្ថានការណ៍បានធូរស្រាល ប្រជាជនភៀសខ្លួនបានត្រលប់ទៅផ្ទះសម្បែងវិញក៏ដោយ ក៏ការភ័យក្លាយនៅតែបន្តមាន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមដែល នៅពាសពេញដី និងស្រែចម្ការ ពិសេសគ្រាប់បែកចង្កោម ដែលជាក់ស្តែង ថ្មីៗនេះ មានប្រជាជនវ័យក្មេងកម្ពុជាម្នាក់ទទួលរងគ្រោះបាត់បង់ជីវិត ដោយសារគ្រាប់ចង្កោមដែលបន្សល់ទុកដោយការវាយប្រហារនេះ។
លោក Jason Kelland បានសម្តែងការសោកស្តាយចំពោះការលំបាករបស់ប្រជានតាមតំបន់ព្រំដែន ដែលបង្ករដោយសង្រ្គាម។ លោក Jason Kelland កោតសរសើរភាពឈានមុខរបស់កម្ពុជា ក្នុងសកម្មភាពមីនព្រោះកម្ពុជាមានយន្តការសម្របសម្រួលថ្នាក់ជាតិរឹងមាំសម្រាប់សកម្មភាពមីន និងបទពិសោធន៍ជាច្រើនទសវត្សរ៍ ដែលប្រទេសនានាគួររៀនសូត្រពីកម្ពុជា។
ជាមួយគ្នានោះលោក Jason Kelland បានវាយតម្លៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍របស់កម្ពុជា ដែលបានបង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈរបស់កម្ពុជាក្នុងកិច្ចការបោសសម្អាតមីនមនុស្សធម៌ និងការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌សាកល៕

