សួន «ប៉ៃលិនមរតក តេជោ» ជាសមិទ្ធផលថ្មីលើទឹកដីខេត្តប៉ៃលិន បាននិងកំពុងស្ថាបនានៅអមសងខាងដងស្ទឹងប៉ៃលិន

ប៉ៃលិន៖នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងពិនិត្យវឌ្ឍនភាពនូវគម្រោងស្ថាបនាសួនច្បារដែលមានឈ្មោះថាសួន «ប៉ៃលិនមរតក តេជោ» ដែលមានប្រវែង១,៨០០ម៉ែត្រ នៅអមសងខាងដងស្ទឹងប៉ៃលិន ចាបពីចំណុចស្ពានសន្តិភាព ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រហូតមកដល់ស្ពានអូរច្រា ស្ថិតក្នុងភូមិទួលល្វា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នឹងក្លាយជាផលិតផលទេសចរណ៍ថ្មី និងក៏ជាសមិទ្ធផលថ្មី សម្រាប់ខេត្តប៉ៃលិន និងប្រជាជននៅក្នុងខេត្តផងដែរ។
ជាមួយគ្នានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ហែម ឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន, ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធចំនួនប្រមាណ ២០នាក់។
សូមជម្រាបជូនថា ការស្ថាបនាសួនច្បារដាក់ឈ្មោះ សួន «ប៉ៃលិនមរតក តេជោ» គឺក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងនូវការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត ក្នុងការស្វែងរកសុខសន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាតិ និងបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត សម្រាប់មនុស្សជំនាន់ក្រោយបានស្វែងយល់ប្រវត្តិសាស្ត្ររបស់ខេត្តប៉ៃលិន ដែលជាចំណុចឈ្នួនផ្ទុះសន្តិភាព និងសមត្ថភាព ចំណេះដឹងពិតប្រាកដនៃមគ្គុទេសន៍ អ្នកដឹកនាំកម្ពុជា។

