នគរបាលនាំខ្លួនបុគ្គល២នាក់ដែលជាអង្គរក្សទៅសួរនាំក្រោយជិះម៉ូតូតាមការពារឡានមេរបស់ខ្លួនហើយប្រើប្រាស់កាយវិការ ពាក្យសម្ដីមិនសរម្យ និងកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវ

ភ្នំពេញ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំខ្លួនបុគ្គល២នាក់ដែលជាអង្គរក្សទៅសួនាំ ក្រោយជិះម៉ូតូតាមការពារឡានឧកញ៉ា ធាង ទ្រី ពីក្រោយហើយប្រើប្រាស់កាយវិការ ពាក្យសម្ដីមិនសរម្យ និងកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវ។
ការនាំខ្លួនបុគ្គលទាំង២នាក់ទៅសួរនាំ បន្ទាប់ពីប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ បានបង្ហោះវីដេអូនៅតាមបណ្ដាញសង្គម បង្ហាញអំពីសកម្មភាពមិនគួរគប្បីរបស់ពួកគេ ដែលជិះម៉ូតូតាមការពារឡានមួយគ្រឿង ម៉ាក Land Rover Defender ពាក់ផ្លាកលេខកម្ពុជា TTM.7171 ដែលគេស្គាល់ម្ចាស់ឈ្មោះ ធាង ទ្រី និងមានងារជាឧកញ៉ាថែមទៀត។ ពួកគេទាំង២នាក់ បានកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវ និងជេរប្រមាថដោយប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ និងព្រមានមិនឲ្យបើកក្បែរឡានមេកើយរបស់ខ្លួន។
បន្ទាប់ពីឃើញសកម្មភាពបែបនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទាំងយប់ឲ្យសមត្ថកិច្ចជំនាញ ធ្វើការកោះហៅបុគ្គលទាំង២នាក់នេះមកធ្វើការសួរនាំ ខណៈលោកក៏បានអះអាងថា សកម្មភាពបែបនេះលោកពិតជាមិនអាចទទួលយកបានឡើយ ហើយបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ៕

