ប្រេីពេលជាង ៣ម៉ោង បង្ក្រាបករណីឃាតកម្ម ឃាត់ខ្លួនជនសង្ស័យបានដោយជោគជ័យ!

ព្រះសីហនុ៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២០និង០០នាទី មានករណីបុរសម្នាក់ប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធរបស់ខ្លួន នៅម្ដុំផ្ទះពស់ចាស់ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ហើយបានគេចខ្លួនបាត់។
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង ព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានធ្វើស្រាវជ្រាវស្វែងរកចាប់ខ្លួន រហូតដល់ម៉ោង ២៣និង១៥នាទី ទេីបឃាត់ខ្លួនជនសង្ស័យបាននៅមុខរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម និងបញ្ជូនមកស្នងការដ្ឋានខេត្តដើម្បីបន្តនីតិវិធី។
វត្ថុតាងដែលចាប់យកបានរួមមាន៖ ទូរស័ព្ទដៃម៉ាក់ VIVO ពណ៌ខៀវ ១ គ្រឿង, កាំបិតចុងស្រួច ១ ដើម, ម៉ូតូ VIVA ពណ៌ខ្មៅ ស្លោកលេខ ភ្នំពេញ 1C-7405 មួយគ្រឿង, អត្តសញ្ញាណប័ណ្ណ ១ សន្លឹក, អាវក្រៅដៃវែងពណ៌ខ្មៅ។
បច្ចុប្បន្ន កម្លាំងជំនាញព្រហ្មទណ្ឌកំពុងចាត់ការតាមនិតិវិធីច្បាប់៕

