រាយការណ៍ពីករណីគ្រឿងញៀន តាមរយៈ App NoDrugs ដើម្បីកម្ពុជាគ្មានគ្រឿងញៀន

ភ្នំពេញ៖កម្មវិធីទូរស័ព្ទដៃ ឬហៅថា APP ដែលមានឈ្មោះថា NO DRUGS យើងអាចពង្រឹងនិងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំ ឱ្យបានទៅដល់ប្រជាពលរដ្ឋស្ទើរគ្រាប់អ្នកដែលមានទូរស័ព្ទដៃប្រើ មិនថា ចាស់ឬក្មេង នៅទីប្រជុំជន នៅជនបទ ឬនៅក្រៅប្រទេសឡើយ គឺពួកគាត់អាចទទួលបានព័ត៌មាន ទទួលបានការអប់រំ ទទួលបានការកំសាន្តសប្បាយ ហើយជាមួយគ្នានោះ ក៏អាចចូលរួមជាយោបល់ លើកជាសំណូមពរ ផ្តល់ជាព័ត៌មាន ឬរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីទទួលបានការឆ្លើយតប ឬកិច្ចអន្តរាគមន៍តាមបញ្ហាដែលពួកគាត់បានជួបប្រទះ ក្នុងនោះរួមទាំងការឆ្លើយតបចំពោះបងប្អូនដែលមានកូនចៅ ឬញាត្តមិត្តញៀនគ្រឿងញៀន ក៏អាចស្វែងរកព័ត៌មាន និងស្នើសុំកិច្ចអន្តរាគមន៍តាមរយៈកម្មវិធីទូរស័ព្ទដៃនេះផងដែរ។ ម្យ៉ាងទៀត អ្នកចូលមើល ក៏អាចទទួលបាននូវចំណេះដឹងទូទៅពាក់ព័ន្ធនឹងគ្រឿងញៀន និងចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពបំណិនជីវិត ដែលជាមូលដ្ឋាន ក្នុងការបង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិ កុំឱ្យពាក់ព័ន្ធ ឬចាញ់ការបោកបញ្ឆោទឱ្យទៅប្រើប្រាស់គ្រឿងញៀន។
ការរាយការណ៍តាមរយៈកម្មវិធីទូរស័ព្ទដៃ App NoDrugs ធានាបាននូវសុវត្ថិភាព និងការសម្ងាត់ ១០០%។ ការផ្សព្វផ្សាយពីការប្រើប្រាស់ និងគុណសម្បត្តិនៃកម្មវិធីទូរស័ព្ទដៃខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុង«យុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីបញ្ហាគ្រឿងញៀន» នៅទីរួមខេត្តស្វាយរៀង នៅព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានសមាសភាពចូលរួមពីអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងយុវជន យុវនារី ចំនួនប្រហែលជាង ៥០០ នាក់ ដែលរៀបចំដោយក្រសួងព័ត៌មាន ក្នុងនាមជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។

