សម្តេចតេជោ៖ យុទ្ធសាស្រ្ដស្ងាត់តែមិនស្ងៀម របស់រាជរដ្ឋាភិបាលកម្ពុជា គឺគេមិនមែនដេកមើលទេ គ្រាន់តែគេមិននិយាយតែធ្វើសកម្មភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា យុទ្ធសាស្រ្ដស្ងាត់តែមិនស្ងៀម របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការប្រមូលផលដើមរដូវ បានសេចក្ដីថាគេមិនមែនដេកមើលទេ គ្រាន់តែគេមិននិយាយតែធ្វើសកម្មភាព។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
សម្ដេចថ្លែងថា “មិនមែនជារឿងតក់ក្រហល់ទេ ដោយកន្លងមកកម្ពុជារងការប្រមាថដែលថា គេនឹងវាយកម្ពុជាយក៤ខេត្ដ ដើម្បីធ្វើការដោះដូរជាមួយប្រាសាទមួយចំនួន ប៉ុន្ដែកម្ពុជាបន្ដការអត់ធ្មត់ ហើយកម្ពុជាមិនអួតអាងអ្វីទាំងអស់ តែយើងមានសិទ្ធការពារខ្លួន ពីគ្រប់សកម្មភាពបំពាន”។
សម្ដេចតេជោ លើកឧទាហរណ៍ ពីភូមិព្រៃចាន់ថា គឺគេកំពុងញុះចង់ឲ្យយើងផ្ទុះអាវុធ សូម្បីតែជំពាមកៅស៊ូក៏គេបំពានបាញ់មកលើយើងដែរ គឺបាញ់ស្ទើរតែរាល់យប់ ប៉ុន្ដែខាងរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជាបានណែនាំ មិនឲ្យមានការតបតនោះទេ៕
