កូរ៉េខាងជើងបានបាញ់មីស៉ីលបាលិស្ទីគ នាថ្ងៃសុក្រនេះ

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ យោធាកូរ៉េខាងត្បូង និងរដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា នាថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់មីស៉ីលបាលិស្ទីគ យ៉ាងហោច១គ្រាប់ សំដៅទៅសមុទ្រចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន។
យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបាញ់មីស៉ីលបាលិស្ទីគ១គ្រាប់ សំដៅទៅសមុទ្រខាងកើត ឬហៅថាសមុទ្រជប៉ុន ខណៈទីក្រុងតូក្យូ បាននិយាយថា មីស៉ីលនោះ ទំនងជាបានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។
ការបាញ់មីស៉ីលនេះ គឺកើតមានឡើង រយៈពេលប្រមាណ១សប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់ភ្លើងបៃតងចំពោះ ផែនការរបស់កូរ៉េខាងត្បូង ក្នុងការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា កាលពីខែតុលា មុនដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់តំបន់អាស៉ី កូរ៉េខាងជើង ក៏បានបាញ់តេស្តមីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លី ប៉ុន្មានគ្រាប់ផងដែរ៕
