អ៉ីរ៉ង់ នឹងសាងសង់ទីតាំងនុយក្លេអ៊ែរ ដែលខូចខាតដោយសារតែការវាយប្រហាររបស់អ៉ីស្រាអែល និងអាមេរិក ឱ្យកានតែរឹងមាំជាងមុន

តេហេរ៉ង់៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អ៉ីរ៉ង់ បាននិយាយថា ខ្លួននឹងសាងសង់ទីតាំងនុយក្លេអ៊ែរ ដែលខូចខាតដោយសារតែការវាយប្រហាររបស់អ៉ីស្រាអែល និងអាមេរិក ឱ្យកានតែរឹងមាំជាងមុន ខណៈដែលអ្នកសម្រុះសម្រួលគឺប្រទេសអូម៉ង់ កំពុងជំរុញឱ្យទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោនស្តារទំនាក់ទំនងការទូតឡើងវិញ។
ក្នុងពេលចុះពិនិត្យដល់រោងចក្រដែលរងការខូចខាត ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian និយាយថា «តេហេរ៉ង់ នឹងសង់រោងចក្រដែលធន់ជាងមុន។ ទោះជាអគារខូចខាត តែយើងមិនត្រូវបានបំផ្លាញទេ។ អ្នកវិទ្យាសាស្រ្តអ៉ីរ៉ង់ នៅតែមានចំណេះដឹងផ្នែកនុយក្លេអ៊ែរ»។
ការអត្ថាធិប្បាយរបស់លោក Pezeshkian កើតមានឡើងនៅពេលដែលប្រទេសអូម៉ង់ បានជំរុញឱ្យអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកបន្តការចរចាគ្នាឡើងវិញ។ តាមអ្នកនាំពាក្យរដ្ឋាភិបាលអ៉ីរ៉ង់ លោកស្រី Fatemeh Mohajerani ទីក្រុងតេហេរ៉ង់ទទួលបានសារមួយហើយ ជុំវិញការបន្តទំនាក់ទំនងការទូត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម៕
