ប្រធានាធិបតីកូរ៉េខាងត្បូង ទទូចឱ្យលោក ស៉ី ជីនពីង ជួយទីក្រុងសេអ៊ូលបន្តកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានទទូចឱ្យប្រធានាធិបតីចិន លោក ស៉ី ជីនពីង ជួយទីក្រុងសេអ៊ូលបន្តកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង ខណៈមេដឹកនាំទាំងពីរ បើកកិច្ចប្រជុំកំពូលជាលើកដំបូង។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង អំឡុងកិច្ចប្រជុំខាងលើ លោក Lee បានប្រាប់លោក ស៉ី យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា កូរ៉េខាងត្បូងនិងចិន នឹងពង្រឹងការធ្វើទំនាក់ទំនងជាយុទ្ធសាស្រ្ត ហើយ ធ្វើការរួមគ្នាដើម្បីស្តារកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង»។
ដោយសង្កត់ធ្ងន់អំពីតម្រូវការសម្រាប់ស្ថិរភាពក្នុងតំបន់ លោក Lee បានកត់សម្គាល់អំពីការធ្វើប្រាស្រ័យទាក់ទងកម្រិតខ្ពស់នាពេលថ្មីៗនេះរវាងចិននិងកូរ៉េខាងជើង ដោយលោកចង់សំដៅលើវត្តមាន របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុងពិធីព្យុហយាត្រាយោធាដ៏ឱឡារិកនៅទីក្រុងប៉េកាំង កាលពីខែកញ្ញា។
លោក Lee បាននិយាយថា ជំនួបទាំងនោះ កំពុងជួយបង្កើនលក្ខខណ្ឌ សម្រាប់ការធ្វើទំនាក់ទំនងជាថ្មីជាមួយទីក្រុងព្យុងយ៉ាង៕
