អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់អាណាព្យាបាលគ្រប់រូបដែលមានកូនគ្រប់អាយុ ត្រូវនាំមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា ដេីម្បីឱ្យពួកគេមានឱកាសសិក្សារៀនសូត្រក្រេបយកចំណេះដឹង

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ដែលប្រារព្ធឡេីងនៅ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កពង់ស្វាយ ក្រុងសិរីសោភ័ណ។
នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បានជំរុញដល់អាណាព្យាបាលគ្រប់រូបដែលមានកូនគ្រប់អាយុ ត្រូវនាំមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា ដេីម្បីឱ្យពួកគេមានឱកាសសិក្សារៀនសូត្រក្រេបយកចំណេះដឹង។
ឯកឧត្ដម បន្តថា ការលេីកលេីកទឹកចិត្ត ឱ្យកូនៗមកសិក្សារៀនសូត្រ គឺជាឃ្លាំងទ្រព្យមិនចេះរីងស្ងួត ធ្វេីឱ្យពួកគេមានចំណេះខ្ពង់ ខ្ពស់ ជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។
ជាមួយគ្នានោះដែរ ឯកឧត្ដមអភិបាលខេត្តក៏បានបន្តជំរុញលេីកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស យុវជន យុវនារីទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រឱ្យបានជ្រៅជ្រះ និងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងប្រកាន់ខ្ជាប់នូវអត្តចរិត គុណធម៌ និងសីលធម៌ល្អប្រពៃ ព្រមទាំងចូលរួម ធ្វើតែអំពើល្អ ដើម្បីការរីកចម្រើននិងសន្តិភាពនៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។
យោងតាមលោក ឈូ ប៊ុនរឿង ប្រធាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានឱ្យ ដឹងថា វិស័យអប់រំយុវជន និងកីឡា ក្នុងខេត្តបន្ទាយមានជ័យ ក្រោមម្លប់នៃសន្តិភាព បានរីកលូតលាស់យ៉ាងឆាប់រហ័ស ទាំងបរិមាណ និងគុណភាពជាបន្តបន្ទាប់។
លោកបន្តថា ដោយសារមានការយកចិត្តទុកដាក់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃ ពិសេសសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ជាក់ស្ដែងគិតមកដល់ពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ បានផ្ដល់អគារសិក្សាចំនួន ២០៦ខ្នង ស្មើនឹង ១,៦៧៥ បន្ទប់ , សម្ដេចមហាបវរធិបតី បានផ្ដល់អគារសិក្សាចំនួន៤ខ្នង ស្មើនឹង ៤៨បន្ទប់ និងឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យបានផ្តល់ អគារសិក្សាចំនួន ៨១ ខ្នង ស្មើនឹង ៣៩៨ បន្ទប់ ក្នុងនោះមាន អគារសិក្សា បណ្ណាល័យ /ទីចាត់ការ និងផ្ទះគ្រូ បន្ថែមលើសពីនេះ គឺមានការចូលរួមចំណែកពីអង្គការដៃគូអភិវឌ្ឍនានា និងវិស័យឯកជន ជាច្រើនបន្ថែមទៀត ដែលបានរួមចំណែកជាមួយរដ្ឋបាលខេត្ត ដែលជាប្រភពធនធានមិនអាចខ្វះបាន ក្នុងការរួបរួមគ្នាអភិវឌ្ឍហេដ្ឋារចនា- សម្ព័ន្ធវិស័យអប់រំ ឱ្យមានការបោះជំហានប្រកបដោយគុណភាព និងចីរភាព៕

