យន្ដហោះចម្បាំងប៉ូឡូញ បានហោះស្ទាក់យន្ដហោះស៊ើបការណ៍មួយគ្រឿងរបស់រុស្ស៉ីក្នុងដែនអាកាសពីលើតំបន់សមុទ្របាល់ទិក

វ៉ាសូវី៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប៉ូឡូញ កាលពីថ្ងៃសុក្រ ទី៣១ ខែតុលា បាន អះអាងថាយន្ដហោះចម្បាំងរបស់ខ្លួនបានហោះស្ទាក់យន្ដហោះស៊ើបការណ៍មួយគ្រឿងរបស់រុស្ស៉ីក្នុងដែនអាកាសពីលើតំបន់សមុទ្របាល់ទិក ជាលើកទី៣ ក្នុងសប្ដាហ៍នេះ។
តាមយោធាប៉ូឡូញ យន្ដហោះស៊ើបការណ៍សម្ងាត់ខាងលើរបស់រុស្ស៉ីមិនបានហោះបំពានចូលក្នុងដែនអាកាសប៉ូឡូញឡើយ។ ប៉ុន្តែដូចគ្នាទៅនឹងឧបទ្ទវហេតុនាពេលកន្លងមកដែរ យន្ដហោះរុស្ស៉ីមិន បានជូនដំណឹងពីការហោះហើរនោះទេ និងថែមទាំងបិទវិទ្យុទាក់ទងទៀតផង។
យោធាប៉ូឡូញបានបន្ថែមថា «ស្ថានភាពបែបនេះបានកើតឡើងជាលើកទី៣ហើយនៅក្នុងសប្ដាហ៍នេះ ដែលជា ការបញ្ជាក់ពីការកើនឡើងសកម្មភាពហោះហើររបស់រុស្ស៉ីនៅក្នុងតំបន់បាល់ទិក»។
គួរបញ្ជាក់ថា បណ្ដាប្រទេសនៅតំបន់ស្លាបភាគខាងកើតរបស់ NATO បាន និងកំពុងស្ថិតក្នុងស្ថានការណ៍ប្រុងជើងការខ្ពស់ចំពោះលទ្ធភាពនៃការហោះបំពានចូលដែនអាកាសណាមួយ ចាប់តាំងពី ខែកញ្ញាមក ជាពេលដែលយន្ដហោះយោធារុស្ស៉ី៣ គ្រឿងហោះបំពានចូលក្នុងដែនអាកាសនៃប្រទេសអេស្ដូនីរយៈពេល១២នាទី តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយដ្រូនរុស្ស៉ី២០គ្រឿងបានហោះចូលក្នុង ដែនអាកាសប៉ូឡូញ៕

