ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅទស្សនាការសាកល្បងបាញ់ទឹកតាមចង្វាក់ភ្លេងនៅមុខសាលាខេត្តព្រៃវែង ដែលជាការរៀបចំរបស់រដ្ឋបាលខេត្ត

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី បាននាំគ្នាមកទស្សនាមើលការសាកល្បងបាញ់ទឹកតាមចង្វាក់ភ្លេងនៅមុខសាលាខេត្តព្រៃវែង ដែលជាការរៀបចំរបស់រដ្ឋបាលខេត្ត ដើម្បីលើកកម្ពស់មុខមាត់ខេត្ត ឲ្យកាន់តែមានការទាក់ទាញទៅកាន់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្ត ព្រមទាំងមានកន្លែងតំបន់រមណីយដ្ឋានកម្សាន្តច្រើនបែបច្រើនសណ្ឋាន បំពេញតម្រូវការដល់ភ្ញៀវទេសចរណ៍ទាំងនោះ។
រដ្ឋបាលខេត្តព្រៃវែង បន្តថា ការរៀបចំសាកល្បងបាញ់ទឹកតាមចង្វាក់ភ្លេងនៅមុខសាលាខេត្តព្រៃវែងនេះ គឺបានទាក់ទាញចំណាប់អារម្មណ៍ទឹកចិត្តរបស់ប្រជាពលរដ្ឋនៅខេត្ត ដោយគាត់បានអញ្ជើញមកទស្សនានៅពេលរាត្រី យ៉ាងច្រើនកុះករ។
ពលរដ្ឋបានលើកឡើងថា នេះពិតជាប្លែកហើយស្រស់ស្អាតមែនទែនសម្រាប់ខេត្តព្រៃវែង ដោយបើប្រៀបធៀបពីមុននឹងមកដល់ឥឡូវនេះ ខេត្តបានផ្លាស់ប្ដូរប្រែមុខមាត់ថ្មីពោរពេញទៅដោយការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យដែលធ្វើឲ្យប្រជាពលរដ្ឋរីករាយសប្បាយចិត្តសាទរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍របស់ថ្នាក់ដឹកនាំដែលមានលោក សួន សុម៉ាលីន ជាអភិបាលខេត្តនាពេលបច្ចុប្បន្ននេះ។
ប្រជាពលរដ្ឋបានបន្តថា មិនត្រឹមតែមានការរៀបចំបាញ់ទឹកតាមចង្វាក់ភ្លេងនោះទេនៅក្នុងខេត្តព្រៃវែងនៅពេលរាត្រី គឺថានៅតាមដងផ្លូវទីសាធារណៈរដ្ឋបាលខេត្តបានបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវធ្វើយ៉ាងណាដើម្បីធានាដល់ សុវត្ថិភាពចរាចរណ៍នៅពេលរាត្រីផង ក៏ដូចជាបង្ហាញនូវភាពស្រស់ស្អាតនាពេលរាត្រីដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តទស្សនា ភ្ញៀវជាតិ អន្តរជាតិ មកខេត្តព្រៃវែងបានឃើញពីការអភិវឌ្ឍន៍របស់ខេត្តព្រៃវែងនោះផងដែរ។
ទាំងអស់នេះគឺជាការគិតគូររបស់ថ្នាក់ដឹកនាំខេត្តយ៉ាងធំធេងសម្រាប់ទាក់ទាញដល់ប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅក្នុងខេត្តព្រៃវែងនិងធ្វើឲ្យខេត្តព្រៃវែងពោរពេញទៅដោយភាពទាក់ទាញនិងសំបូរបែបទៅដោយតំបន់ទេសចរណ៍ផ្សេងៗជាច្រើន។
ទោះបីជានៅក្នុងខេត្តព្រៃវែងពុំសូវសម្បូររមណីយដ្ឋានធម្មជាតិក៏ដូចជារមណីយដ្ឋានផ្សេងៗ ដូចបណ្ដារខេត្តដទៃក៏ពិតមែន ក៏ប៉ុន្តែថ្នាក់ដឹកនាំខេត្តបានខិតខំប្រមូលផ្ដុំគំនិតអភិវឌ្ឍន៍គិតគូរធ្វើយ៉ាងណា ដើម្បីឲ្យខេត្តមួយនេះពោរពេញទៅដោយភាពទាក់ទាញនិងស្រស់ស្អាតតាមតែអ្វីដែលអាចធ្វើទៅបាន៕

