ចិន៖ លោក ស៉ី ជីនពីង និងលោក ដូណាល់ ត្រាំ នឹងមានកិច្ចពិភាក្សាស៉ីជម្រៅអំពីបញ្ហាធំៗ

ប៉េកាំង៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ចិនបាននិយាយថា ប្រធានាធិបតីរបស់ខ្លួន លោក ស៉ី ជីនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងមានកិច្ចពិភាក្សាស៉ីជម្រៅអំពីបញ្ហាធំៗ អំឡុងជំនួបកំពូលរវាងអ្នកទាំងពីរនៅឯប្រទេសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍ស្អែកនេះ។
ជំនួបខាងលើ នឹងកើតមានឡើង អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ឋអាស៉ី-ប៉ាស៉ីហ្វិក APEC ដែលប្រព្រឹត្តទៅនៅទីក្រុង Gyeongju របស់កូរ៉េខាងត្បូង។ បើតាមក្រសួងការបរទេសចិន កិច្ចពិភាក្សាទ្វេភាគីរវាងលោក ស៉ី និង លោក ត្រាំ នឹងធ្វើឡើងនៅទីក្រុង Busan ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង Gyeongju។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាថ្ងៃពុធនេះថា «អំឡុង ជំនួបនេះ មេដឹកនាំទាំងពីរ នឹងបើកកិច្ចពិភាក្សាស៉ីជម្រៅ ជុំវិញបញ្ហាយុទ្ធសាស្រ្តរយៈពេលវែង ពាក់ព័ន្ធទំនាក់ទំនងចិន-អាមេរិក ព្រមទាំងបញ្ហាធំៗដែលជាក្តីកង្វល់រួម»។
លោក Guo បានបន្តថា «យើងមានឆន្ទៈធ្វើការរួមគ្នាជាមួយភាគីអាមេរិក ដើម្បីធានាថា កិច្ចប្រជុំនេះសម្រេចបានលទ្ធផលវិជ្ជមាន ផ្តល់ទិសដៅថ្មី និងចាក់បញ្ជូលសន្ទុះថ្មី ទៅក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ប្រកបដោយស្ថិរភាព»៕
