អ៊ុយក្រែនបញ្ជូនយន្តហោះដ្រូន ឆ្ពោះមកទីក្រុងមូស្គូសម្រាប់យប់ទី ៣ជាប់ៗគ្នា ហើយបានកំណត់គោលដៅក្នុងតំបន់មួយចំនួនទៀតរបស់រុស្ស៉ី

មូស្គូ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធររុស្ស៉ី បាននិយាយនៅថ្ងៃពុធនេះថា អ៊ុយក្រែនបានបញ្ជូនយន្តហោះដ្រូន ឆ្ពោះមកទីក្រុងមូស្គូសម្រាប់យប់ទី ៣ជាប់ៗគ្នា ហើយបានកំណត់គោលដៅក្នុងតំបន់មួយចំនួនទៀតរបស់រុស្ស៉ី រំខានដល់ចរាចរណ៍ផ្លូវអាកាសទូទាំងប្រទេស និងគំរាមកំហែងដល់រោងចក្រឧស្សាហកម្មមួយ នៅភាគខាងត្បូងប្រទេស។
ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា អង្គភាពដែនអាកាសរបស់ខ្លួន បានបំផ្លាញដ្រូនសរុប ១០០គ្រឿងរបស់អ៊ុយក្រែន រួមទាំង ៦គ្រឿងនៅតំបន់នៃទីក្រុងមូស្គូ។
តាមទីភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស Rosaviatsiya អាកាសយានដ្ឋានចំនួន ៣របស់ទីក្រុងមូស្គូ និងមួយចំនួនទៀតនៅទូទាំងប្រទេស ត្រូវបានបិទក្នុងរយៈពេលខ្លីក្រោមហេតុផលសុវត្ថិភាព។
ក្រសួងបន្ថែមថា អ៊ុយក្រែនក៏បានបាញ់ដ្រូនមកលើរោងចក្រឧស្សាហកម្ម Budyonnovsk តំបន់ភាគខាងត្បូង Stavropol និងត្រូវបានបាញ់ទម្លាក់ចំនួនពីរគ្រឿង។ ការវាយប្រហារនោះ ពុំបង្កការខូចខាតនោះទេ។
គួរបញ្ជាក់ថា អ៊ុយក្រែន បានបន្តការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយ មកលើទីក្រុងមូស្គូ និងតំបន់ផ្សេងទៀតរបស់រុស្ស៉ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយនិយាយថា ក្នុងបំណងដើម្បីបំផ្លាញទ្រព្យសម្បត្តិយោធា និងឧស្សាហកម្ម បំផ្លាញសេដ្ឋកិច្ច និងបង្ហាញដល់ប្រជាជនរុស្ស៉ី ថាសង្រ្គាមបានពង្រីកខ្លួនចូលមកកាន់តែជិតពួកគេ៕
