ចិន និង ឯកភាពគ្នាលើក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម

បរទេស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ចិន និងសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យនេះបានឯកភាពគ្នាលើក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងទំនុកចិត្តថានឹងអាចសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងជំនួបនាពេលខាងមុខ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក ស្កុត បេសិន (Scott Bessent) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំគិតថាយើងមានក្របខ័ណ្ឌដ៏ជោគជ័យមួយសម្រាប់មេដឹកនាំទាំងពីរធ្វើការពិភាក្សានៅថ្ងៃព្រហស្បតិ៍»។
លោកបានរំពឹងថា កិច្ចព្រមព្រៀងនេះនឹងអាចពន្យារពេលការរឹតបន្តឹងការនាំចេញសារធាតុរ៉ែដីកម្ររបស់ចិន និងបញ្ចៀសការដំឡើងពន្ធ ១០០% ថ្មីរបស់សហរដ្ឋអាមេរិក។
ចំណែកមន្ត្រីចរចាជាន់ខ្ពស់ចិន លោក លី ឆេងហ្គាំង (Li Chenggang) បាននិយាយថា ភាគីទាំងពីរបានឈានដល់ «ការឯកភាពគ្នាជាបឋម» ហើយនឹងឈានទៅរកដំណើរការអនុម័តផ្ទៃក្នុងរៀងៗខ្លួន។
គួរបញ្ជាក់ថា កិច្ចពិភាក្សានេះធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ក្នុងគោលបំណងបញ្ចៀសការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្ម បន្ទាប់ពីលោក ត្រាំ បានគំរាមដំឡើងពន្ធថ្មី ១០០% លើទំនិញចិន ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា។ លោក ត្រាំ បានសម្តែងសុទិដ្ឋិនិយម ដោយបាននិយាយថា «ខ្ញុំគិតថាយើងនឹងមានកិច្ចព្រមព្រៀងមួយជាមួយចិន» ខណៈដែលលោកគ្រោងនឹងជួបជាមួយលោក ស៊ី ជីនពីង ដោយផ្ទាល់នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៣០ ខែតុលាខាងមុខនេះ៕

