ប្រទេសដាណឺម៉ាក បានប្រកាសថា ដាណឺម៉ាកនឹងទិញ យន្តហោះចម្បាំង F-35 ចំនួន១៦គ្រឿងបន្ថែម ពីអាមេរិក

បរទេស៖ កាលពីថ្ងៃសុក្រ ទី១០ ខែតុលា រដ្ឋមន្រ្តីការពារជាតិនៃប្រទេសដាណឺម៉ាក បានប្រកាសថា ដាណឺម៉ាកនឹងទិញ យន្តហោះចម្បាំង F-35 ចំនួន១៦គ្រឿងបន្ថែម ពីសហរដ្ឋអាមេរិក។
ទន្ទឹមគ្នានេះ ទីក្រុងកូប៉ិនហាក ក៏គ្រោងទិញប្រព័ន្ធប្រឆាំងយន្តហោះដ្រូន គិតជាទឹកប្រាក់២.១ពាន់លានក្រូន ឬស្មើនឹងជាង៣២០លានដុល្លារផងដែរ។ ការប្រកាសទិញយន្តហោះចម្បាំង និងប្រព័ន្ធប្រឆាំងដ្រូននេះ គឺបន្ទាប់ពី២សប្តាហ៍មុន មានការប្រទះឃើញដ្រូនមិនស្គាត់អត្តសញ្ញាណ បានហោះបំពានចូលដែនអាកាសរបស់ប្រទេសដាណឺម៉ាក។ ភ្លាមៗនោះ អ្នកនយោបាយ បាននាំគ្នាដាក់ការសង្ស័យទៅលើរុស្ស៉ី។
គួរបញ្ជាក់ថា យ៉ាងណាមិញ គ្រោងទិញយន្តហោះចម្បាំងពីសហរដ្ឋអាមេរិកនេះ គឺចំពេលដែលក្រុមប្រទេសសហភាពអឺរ៉ុប កំពុងនាំគ្នាថ្លឹងថ្លែងថា តើគួរតែជំនួសយន្តហោះ ដែលផលិតដោយអាមេរិក ជាមួយជម្រើសនៅក្នុងតំបន់អឺរ៉ុបផ្ទាល់ឬយ៉ាងណា។ តាមរយៈគម្រោងខាងលើ ចំនួនយន្តហោះចម្បាំង F-35 សរុបនៅក្នុងកងទ័ពអាកាសដាណឺម៉ាក នឹងកើនដល់៤៣គ្រឿង ហើយវានឹងចំណាយថវិកា២៩ពាន់លានក្រូន ឬស្មើនឹង៤.៥ពាន់លានដុល្លារអាមេរិក៕
