ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ទទួលស្គាល់នូវបញ្ហាប្រឈមមួយចំនួន ដែលរាំងស្ទះដល់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ដោយលើកឡើងចំនួន៥ចំណុច

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានទទួលស្គាល់នូវបញ្ហាប្រឈមមួយចំនួន ដែលរាំងស្ទះដល់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ដោយលើកឡើងចំនួន៥ចំណុច។
ថ្លែងក្នុង «សន្និសីទមូលបត្រប្រចាំ ឆ្នាំ ២០២៥ ក្រោមមូលបទ៖ ការវិវត្តនៃវិស័យមូលបត្រ៖ ចីរភាព, នវានុវត្ត, បរិយាបន្ន និង ភាពធន់» នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា យើងទទួលស្គាល់នូវបញ្ហាប្រឈមមួយចំនួន សម្រាប់ការអភិវឌ្ឍវិស័យនេះ រួមមាន៖ ទី១៖ ភាពមានកម្រិតនៃទំហំទីផ្សារ, ផលិតផល និង សេវា នៅក្នុងវិស័យមូលបត្រ នាបច្ចុប្បន្ន។ ទី២៖ ភាពមិនទាន់រួចរាល់នៃក្រុមហ៊ុនភាគច្រើននៅកម្ពុជា ក្នុងការចូលរួមក្នុងទីផ្សារមូលបត្រ ដោយសារភាពមានកម្រិតនៃរបាយការណ៍ហិរញ្ញវត្ថុ និង អភិបាលកិច្ចសាជីវកម្ម។ ទី៣៖ អត្រាអក្ខរកម្មហិរញ្ញវត្ថុ នៅមានកម្រិតនៅឡើយ, ទី៤)៖ កង្វះខាតអ្នកជំនាញហិរញ្ញវត្ថុ និង អ្នកដែលមានបទពិសោធ ក្នុងទីផ្សារទីផ្សារមូលបត្រ និងទី៥)៖ ភាពមិនទាន់មានការប្រទាក់ក្រឡាគ្នាគ្រប់ជ្រុងជ្រោយ នៃគោលនយោបាយលើកទឹកចិត្ត, បទប្បញ្ញត្តិបច្ចេកទេសផ្សេងៗ -ល-។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សូមយកឱកាសដ៏ថ្លៃថ្លានេះ ផ្ដល់នូវអនុសាសន៍មួយចំនួន ដែលគ្រប់តួអង្គពាក់ព័ន្ធ ក្នុងវិស័យមូលបត្រ គប្បីបន្តរួមគ្នាយកចិត្តទុកដាក់ តាមសមត្ថកិច្ចរៀងខ្លួន ដូចខាងក្រោម៖
ទី១៖ និយ័តករមូលបត្រកម្ពុជា ត្រូវដឹកនាំអនុវត្ត យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ ប្រកបដោយស្មារតីបុរេសកម្ម, ម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។ លោកសង្ឃឹមយ៉ាងមុតមាំថា ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ក៏ដូចជា វិស័យឯកជន នឹងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្តនេះ ឲ្យសម្រេចបានលទ្ធផលល្អ តាមការគ្រោងទុក តាមដំណាក់កាលនីមួយៗ ក្នុងបុព្វហេតុនៃការកសាងឲ្យបាននូវទីផ្សារមូលបត្រមួយ ដែលកាន់តែរីកធំធាត់បន្ថែមទៀត។
ទី២៖ និយ័តករមូលបត្រកម្ពុជា និង ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ត្រូវសហការគ្នា ឲ្យបានជិតស្និទ្ធ ដើម្បីពិនិត្យឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទីផ្សារដែលមានស្រាប់ ដោយពង្រឹង, ធ្វើទំនើបកម្ម និង អាចឈានទៅដល់ការកែទម្រង់ ចាំបាច់នានា ជាជំហានៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន,ទាំងក្នុង និង ក្រៅប្រទេស, ក៏ដូចជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃទីផ្សារមូលបត្រ ស្របតាមឧត្តមានុវត្តអន្តរជាតិ ។
ទី៣៖ និយ័តករមូលបត្រកម្ពុជា និង ស្ថាប័នស្ថិតក្រោមនិយ័តកម្ម ត្រូវបន្តធ្វើការរួមគ្នា និង សហការគ្នាស្អិតល្មួត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់ផលប្រយោជន៍ និង ការគាំពារវិនិយោគិន ជាអាទិភាព ស្របតាម យន្តការដែលមានស្រាប់ និង អាចពិនិត្យបង្កើតយន្តការថ្មីបន្ថែម តាមការ-ចាំបាច់ ដើម្បីធានាថា ទីផ្សារត្រូវបានអនុវត្តប្រកបដោយតម្លាភាព, ប្រសិទ្ធ-ភាព និង សណ្តាប់ធ្នាប់ល្អ។
ទី៤៖ និយ័តករមូលបត្រកម្ពុជា និង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការល្អ ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្រចីរភាព ក៏ដូចជា ក្នុងការជំរុញអនុវត្តគោលនយោបាយពាក់ព័ន្ធ ដើម្បីចូលរួមគាំទ្រកម្ពុជា សម្រេចបាននូវគោលដៅអព្យាក្រឹត្យកាបូន ២០៥០ ព្រមទាំង ត្រូវបន្តនូវកិច្ចសហការស្អិតល្មួត ក្នុងយុទ្ធនាការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាថា វិស័យមូល-បត្រ មិនត្រូវជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហានៃការឆបោកតាមប្រព័ន្ធបច្ចេក-វិទ្យាទាំងនេះឡើយ។
ទន្ទឹមនេះ, ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តវិនិយោគជាយុទ្ធសាស្រ្ត លើការអភិវឌ្ឍមូលធនមនុស្ស និង ការធ្វើឌីជីថលលូបនី-យកម្ម ដើម្បីទាញយកកាលានុវត្តភាពពេញលេញ និង ជំនាញវិជ្ជាជីវៈ ដែលត្រូវការជាចាំបាច់ ក្នុងការកសាង និង ការអភិវឌ្ឍវិស័យមូលបត្រ។
ទី៥៖ និយ័តករមូលបត្រកម្ពុជា, ម្ខាង, ត្រូវបន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល, ទាំងក្នុងស្ថាប័ននិយ័តករមូលបត្រ និង វិស័យមូលបត្រទាំងមូល, ដោយមានការចូលរួមយ៉ាងសកម្ម ពីគ្រប់តួអង្គពាក់ព័ន្ធក្នុងទីផ្សារ; និង ម្ខាងទៀត, ត្រូវបន្តជំរុញសមាហរណកម្មទីផ្សារ ជាមួយនឹងនិយ័តករក្នុងតំបន់ និង អន្តរជាតិ ដើម្បីរក្សាទីផ្សារមូលបត្រឲ្យបានរឹងមាំ, ជួយពង្រីកវិសាលភាព និង ទំនុកចិត្តរបស់កម្ពុជា លើឆាកអន្តរជាតិ, និង បន្តចែករំលែកព័ត៌មានទៅវិញទៅមក ដើម្បីធានាបាននូវការអនុវត្ត និង ការធ្វើនិយ័តកម្ម ស្របតាម គោលការណ៍ និង និន្នាការទីផ្សារ ក្នុងស្រុក និង អន្តរជាតិ៕

