រដ្ឋបាលតាលីបង់ ហាមប្រាមការប្រើអ៉ីនធឺណិត នៅទូទាំងតំបន់ភាគខាងជើងអាហ្វហ្គានីស្ថាន ដើម្បីការពារសកម្មភាពអសីលធម៌

កាប៊ុល៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍របស់រដ្ឋបាលខេត្ត បានឱ្យដឹងថា កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋបាលតាលីបង់ បានហាមប្រាមការប្រើអ៉ីនធឺណិត នៅទូទាំងតំបន់ភាគខាងជើងអាហ្វហ្គានីស្ថាន ដើម្បីការពារសកម្មភាពអសីលធម៌។
ការហាមប្រាមគ្របដណ្តប់ខេត្តចំនួន ៥គឺ Kunduz, Badakhshan, Baghlan, Takhar និង Balkh។ បើតាមក្រុមមន្ត្រី ការរឹតត្បិត ត្រូវបានកំណត់ចំពោះការភ្ជាប់អ៉ីនធឺណិត តាមខ្សែកាបអុបទិក តែប្រព័ន្ធអ៉ីនធឺណេតនៅលើទូរសព្ទដៃ អាចប្រើប្រាស់បានធម្មការ។
វិធានការនេះ ត្រូវបានធ្វើឡើងដើម្បីការពារសកម្មភាពអសីលធម៌នានា ដោយបន្ថែមថា ជម្រើសមួយនឹងត្រូវបានផ្តល់ឱ្យ ប្រសិនបើមានតម្រូវការចាំបាច់។
គួរបញ្ជាក់ថា កន្លងមក តាលីបង់ ធ្លាប់សម្តែងការព្រួយបារម្ភអំពីរឿងអាសអាភាស និងការចែចង់គ្នារវាងបុរស និងស្ត្រីតាមអ៉ីនធឺណិត។ វាជាការហាមប្រាមលើកដំបូង ចាប់តាំងពីក្រុមតាលីបង់ ត្រឡប់មកគ្រប់គ្រងអាហ្វហ្កានីស្ថានវិញ ក្នុងឆ្នាំ២០២១៕

