“ភូមិផ្កាប៉ែស” ដែលលោកXi Jinping យកចិត្តទុកដាក់ឈានទៅរកភាពសម្បូរធូរធារ

ភូមិ Gala ត្រូវបានគេស្គាល់ថាជា “ភូមិផ្កាប៉ែសលេខ ១” របស់ភូមិភាគស្វយ័តXizang។ រៀងរាល់ខែមីនា និងខែមេសា ផ្កាប៉ែសទំហំ ១៨ ហិកតាបានរីកស្គុសស្គាយពាសពេញភូមិ Gala ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាកម្សាន្ត។
នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ ប្រធានរដ្ឋចិនលោក Xi Jinping ដែលកំពុងបំពេញទស្សនកិច្ចនៅភូមិភាគស្វយ័ត Xizang បានទៅទស្សនាភូមិ Gala ។ ភូមិនេះស្រស់ស្អាត មានរបៀបរៀបរយ ហើយអ្នកភូមិរួសរាយរាក់ទាក់ បានធ្វើឱ្យលោក Xi Jinpingបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។
ពេលទៅលេងផ្ទះរបស់អ្នកភូមិ Dawa Jianshen គាត់បានប្រាប់ប្រធានរដ្ឋលោក Xi Jinping ថា គ្រួសាររបស់គាត់រកចំណូលបានជាង ៣ សែនយាន់ប្រាក់ចិនក្នុងឆ្នាំ ២០២០ តាមរយៈការដឹកជញ្ជូន, ភាគលាភពីពិធីបុណ្យផ្កាប៉ែស ការផ្ទេរដី ការដាំដុះ និងចិញ្ចឹមសត្វជាដើម។
មុនពេលកំណែទម្រង់និងបើកចំហ ភូមិ Gala គឺជាភូមិក្រីក្រ និងដាច់ស្រយាល ដែលការកាប់ឈើ ការឃ្វាលសត្វ និងការធ្វើស្រែចម្ការ គឺជាមធ្យោបាយចិញ្ចឹមជីវិតចម្បងរបស់អ្នកភូមិ។ ការផ្លាស់ប្តូរនៃភូមិ Gala បានចាប់ផ្តើមនៅឆ្នាំ ២០១៦ ។ នៅឆ្នាំនោះ ក្រុមការងារក្វាងតុងផ្តល់ជំនួយដល់ Xizang ដែលទទួលខុសត្រូវចំពោះការគាំទ្រដល់ ក្រុង Linzhi បានស្នើឱ្យប្រើប្រាស់ឧស្សាហកម្មផ្កាប៉ែស ជាមធ្យោបាយសម្រាប់ជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ភូមិ Gala ។ ចាប់ពីពេលនោះមក ផ្កាប៉ែសបានត្រួសត្រាយផ្លូវឈានទៅរកភាពសម្បូរធូរធាររបស់ភូមិ Gala ជាបន្តបន្ទាប់។
ក្រោមការគាំទ្រពីថវិកាជំនួយដែលខេត្តក្វាងតុងផ្តល់ដល់ Xizang និងាករជួយជ្រោមជ្រែងពីកម្មាភិបាលពីខេត្តក្រៅ ភូមិ Gala បានប្រើឧស្សាហ៍កម្មផ្កាផ្លែប៉ែស ដើម្បីបង្កើនប្រាក់ចំណូល។ មជ្ឈមណ្ឌលសេវាកម្មទេសចរណ៍ ប៉មសម្រាប់គយគន់ផ្កាផ្លែប៉ែស និងសួនកម្សាន្តទំហំ ៦,៦៦ ហិកតាត្រូវបានសាងសង់។ អ្នកភូមិក៏បានផ្ទេរដីរបស់ពួកគេទៅឱ្យសមូហភាពភូមិ ដើម្បីគ្រប់គ្រងបញ្ចូលគ្នា។ ភូមិ Gala បានបង្កើតផ្លូវអភិវឌ្ឍន៍ប្រកបដោយលក្ខណៈពិសេសដែលបំប្លែងសោភ័ណភាពអេកូឡូស៊ីទៅជាតម្លៃសេដ្ឋកិច្ច។
ក្នុងអំឡុងពិធីបុណ្យផ្កាប៉ែស ឆ្នាំនេះ ភូមិ Gala បានស្វាគមន៍ភ្ញៀវទេសចជាង ១១ ម៉ឺននាក់ ដែលបង្កើតប្រាក់ចំណូលបានជាង ៣,៧ លានយាន់ប្រាក់ចិននៅក្នុងវិស័យទេសចរណ៍។
សំបុត្រដែលអ្នកភូមិ Gala ទទួលបានពីប្រធានរដ្ឋចិនលោក Xi Jinping កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា “ខ្ញុំរីករាយណាស់ដែលបានឮថា ភូមិបានមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រាក់ចំណូលរបស់អ្នកភូមិបានកើនឡើង” ។
ក្នុងសំបុត្រឆ្លើយតប លោក Xi Jinping បានមានប្រសាសន៍ទៅកាន់អ្នកភូមិ Gala ថា “ខ្ញុំសង្ឃឹមថា ក្រោមការណែនាំរបស់គោលនយោបាយបក្សស្តីពីការអភិវឌ្ឍតំបន់ព្រំដែន និងបង្កើនប្រាក់ចំណូលរបស់ប្រជាជន អ្នកទាំងអស់គ្នាគាំពារយ៉ាងប្រាកដប្រជានូវសាមគ្គីភាពជនជាតិ បង្កើតជីវិតកាន់តែសម្បូរសប្បាយ និងកាន់តែប្រសើរឡើង ដើម្បីរួមចំណែកដល់ការកសាងតំបន់ព្រំដែនដ៏រុងរឿង និងមានស្ថិរភាពជូនមាតុប្រទេស”។
ភាពរុងរឿងនាពេលបច្ចុប្បន្នរបស់ភូមិ Gala គឺជាគំរូដ៏រស់រវើកនៃសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងភូមិភាគស្វយ័ត Xizang ចាប់តាំងពីការបង្កើតឡើងកាលពី ៦០ ឆ្នាំមុន៕

