អ៉ីស្រាអែលកំពុងគ្រប់គ្រង ៤០ភាគរយនៃទីក្រុង Gaza ខណៈការទម្លាក់គ្រាប់បែករបស់ខ្លួន បង្ខំឱ្យប្រជាជនប៉ាឡេស្ទីនរត់ចេញពីផ្ទះសម្បែង

ហ៊្សេរុយសាឡិម៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយថា អ៉ីស្រាអែលកំពុងគ្រប់គ្រង ៤០ភាគរយនៃទីក្រុង Gaza ខណៈការទម្លាក់គ្រាប់បែករបស់ខ្លួន បង្ខំឱ្យប្រជាជនប៉ាឡេស្ទីនរត់ចេញពីផ្ទះសម្បែង ហើយក៏មានអ្នកស្រុករាប់ពាន់នាក់ ដែលមិនស្តាប់តាមការណែនាំឱ្យចាកចេញ ដោយបន្តស្ថិតនៅតាមគំនរអគារបាក់បែក តាមផ្លូវឆ្ពោះទៅមុខរបស់យោធាអ៉ីស្រាអែល។
លោក Effie Defrin បានប្រាប់សន្និសីទសារព័ត៌មាន ដោយសំដៅទៅលើសង្កាត់ Zeitoun និង Sheikh Radwan ថា «យើងបន្តបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស។ ប្រតិបត្តិការនឹងបន្តពង្រីក ហើយកាន់តែខ្លាំងក្លាថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ»។
តាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា អ៉ីស្រាអែល បានធ្វើការបាញ់ផ្លោងទូទាំងតំបន់ សម្លាប់មនុស្ស ៥៣នាក់ កាលពីថ្ងៃព្រហស្បតិ៍ ភាគច្រើននៅក្នុងទីក្រុង Gaza ជាទីដែលទាហានអ៉ីស្រាអែលកំពុងវាយរុលទៅមុខ ហើយឥឡូវនេះស្ថិតនៅចម្ងាយតែ ២ ទៅ ៣គីឡូម៉ែត្រប៉ុណ្ណោះទៅភាគកណ្តាលទីក្រុង។
គួរបញ្ជាក់ថា អ៉ីស្រាអែល បានចាប់ផ្តើមការវាយលុកជាថ្មីលើទីក្រុង Gaza កាលពីថ្ងៃទី១០ ខែសីហា នៅក្នុងអ្វីដែលលោក Netanyahu និយាយថាជាផែនការមួយ ដើម្បីកម្ចាត់ក្រុមហាម៉ាសនៅហ្កាហ្សា៕

