ក្រសួងរៀបចំដែនដី សម្រេចបដិសេធ និងមិនបន្តពិនិត្យដោះស្រាយ លើករណីសំណើសុំអន្តរាគមន៍ ឬបណ្ដឹងទាំងឡាយណា ដែលពាក់ព័ន្ធនឹងដីទំហំសរុប ៣៧,៨៤៥ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានសម្រេចបដិសេធ និងមិនបន្តពិនិត្យដោះស្រាយ លើករណីសំណើសុំអន្តរាគមន៍ ឬបណ្ដឹងទាំងឡាយណា ដែលពាក់ព័ន្ធនឹងដីទំហំសរុប ៣៧,៨៤៥ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
ទីតាំងដីស្នើសុំជាដីសាធារណៈរបស់រដ្ឋ ស្ថិតក្រោមការកាន់កាប់និងគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ បុគ្គលទាំងឡាយណា ដែលចូលទន្ទ្រានកាន់កាប់ និងរំលោភបំពានលើដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ តាមរយៈការបំផុសបំផុល និងញុះញង់ដោយចេតនាទុច្ចរិត គឺជាបទល្មើស ដូចមានចែងក្នុងមាត្រា២៥៩ នៃច្បាប់ ភូមិបាល ឆ្នាំ២០០១ ដែលអាចនាំឱ្យជនល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

