រយៈពេល៦ខែ សមត្ថកិច្ចខេត្តក្រចេះ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន៩២ករណី ចាប់ខ្លួនជនសង្ស័យ១៥៦នាក់

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន៩២ករណី ចាប់ខ្លួនជនសង្ស័យ១៥៦នាក់ និងដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៦០០កញ្ចប់ ស្មើ១,៧៨៣.៩៤ក្រាម ប្រាក់រៀលចំនួន៤៥៧,០០០រៀល និងសម្ភារៈមួយចំនួនទៀត។
នៅក្នុងអង្គពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» និងពិធីដុតបំផ្លាញគ្រឿងញៀន ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាក់ថា ចំពោះការងារអនុវត្តច្បាប់ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មន្ត្រីអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានបន្តយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើស គ្រឿងញៀនគ្រប់ប្រភេទ។
ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បញ្ជាក់ថា ជាក់ស្តែងនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ចំនួន៩២ករណី ចាប់ខ្លួនជនសង្ស័យចំនួន ១៥៦នាក់ (ស្រី៧នាក់) និងដកហូតបានសម្ភារៈវត្ថុតាង រួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៦០០កញ្ចប់ មានទម្ងន់ស្មើ១,៧៨៣.៩៤ក្រាម, សារធាតុមិនច្បាស់លាស់ចំនួន១កញ្ចប់ ទម្ងន់ស្មើ១.៨៧ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១៨គ្រឿង, ម៉ូតូចំនួន៥៨គ្រឿង, ទូរស័ព្ទចំនួន១២៨គ្រឿង, ប្រាក់រៀលចំនួន៤៥៧,០០០រៀល និងសម្ភារៈផ្សេងៗ មួយចំនួនទៀត។
ក្នុងឱកាសនោះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ បានកត់សម្គាល់ពីបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃស្ថានភាពគ្រឿងញៀននៅខេត្តក្រចេះ ដែលគប្បីផ្តោតការយកចិត្តទុកដាក់ដោះស្រាយជាបន្តទៀត រួមមាន៖
ទី១៖ មន្ត្រីអនុវត្តច្បាប់បានខិតខំប្រឹងប្រែងស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាន់តែមានការកើនឡើងជារៀងរាល់ឆ្នាំ។
ទី២៖ កាងារផ្សព្វផ្សាយពីផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន យើងធ្វើបានច្រើន ក៏ប៉ុន្តែហាក់នៅមិនទាន់មានប្រសិទ្ធិភាពនៅឡើយ។
ទី៣៖ ជនល្មើសដែលត្រូវបានផ្តន្ទាទោសរួចរាល់ហើយនៅពេលដែលចេញពីពន្ធនាគារមកវិញ ភាគច្រើនមិនមានការរាងចាលនៅតែធ្វើសកម្មភាពជួញដូរគ្រឿងញៀនឡើងវិញដដែល។
ទី៤៖ បទល្មើសជួញដូរគ្រឿងញៀនតូចតាចនៅក្នុងមូលដ្ឋាន ហាក់នៅមិនទាន់មានការថមថយនៅឡើយ។
ទី៥៖ ការប្រើប្រាស់គ្រឿងញៀន ដោយបំពានបានជ្រួតជ្រាបដល់ស្រទាប់យុវវ័យ និងរីករាលដាល ទៅដល់តំបន់ជនបទដាច់ស្រយាល។
ឯកឧត្ដម វ៉ា ថន បានបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកប្រធានបទនៃទិវាសម្រាប់ឆ្នាំ២០២៥ នេះ គឺ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» និងជាពិសេសការអនុវត្តផែនការស្តីពី គ្រឿងញៀន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គ្រប់ដំណាក់កាល ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ និងឆន្ទៈមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាកិច្ចការអាទិភាពមួយ ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការបន្តអនុវត្តនូវមរតកអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងវិធានការដ៏មុតស្រួចរបស់សម្តេច ស្តីពីការ «សម្អាតផ្ទះយើង សម្អាតចកចេញពីបឹង»៕
