រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើចៅក្រមពីររូប និងព្រះរាជអាជ្ញាពីររូបនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញការកំណត់គោលដៅលើមេដឹកនាំអ៊ីស្រាអែល

វ៉ាស៊ីនតោន៖ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើចៅក្រមពីររូប និងព្រះរាជអាជ្ញាពីររូបនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ( ICC) ជុំវិញការកំណត់គោលដៅលើមេដឹកនាំអ៊ីស្រាអែល និងការសម្រេចចិត្តកន្លងមកក្នុងការស៊ើបអង្កេតលើមន្ត្រីអាម៉េរិក។
នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ បានហៅតុលាការនេះថា ជាការគំរាមកំហែងសន្តិសុខជាតិ ដែលជាឧបករណ៍សម្រាប់ច្បាប់ប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល។ ចំណាត់ការនេះ បានទាក់ទាញការខឹងសម្បារពីប្រទេសបារាំង និងអង្គការសហប្រជាជាតិ។
រដ្ឋធានីប៉ារីស ជំរុញឱ្យរដ្ឋធានីវ៉ាស៊ីនតោន ដកទណ្ឌកម្មនេះវិញ ខណៈតុលាការ ICC បានបដិសេធទណ្ឌកម្មនេះ ដោយហៅវាថា ជាការវាយប្រហារជាក់ស្តែងប្រឆាំងនឹងឯករាជ្យភាពនៃស្ថាប័នតុលាការដែលមិនលម្អៀង។ ការដាក់ទណ្ឌកម្មលើកទីពីរ កើតឡើងតិចជាងបីខែបន្ទាប់ពីរដ្ឋបាលត្រាំបានចាត់វិធានការដែលមិនធ្លាប់មានពីមុនមក ទៅលើចៅក្រម ICC ចំនួនបួននាក់ ដាច់ដោយឡែកពីគ្នា។
រដ្ឋធានីវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើលោក នីកូឡាស យ៉ាន់ ហ្គីលូ (Nicolas Yann Guillou), លោកស្រី ណាហ្សាត សាមេម ខាន់ (Nazhat Shameem Khan), លោក ម៉ាមេ ម៉ាន់ឌីយ៉េ ណីអាំង (Mame Mandiaye Niang) និងលោកស្រី គីមប៊ឺលី ប្រូស្ត (Kimberly Prost)។ នេះបើយោងតាមរតនាគារ និងក្រសួងការបរទេសសហរដ្ឋអាម៉េរិក។
មន្ត្រីទាំងអស់ បានជាប់ពាក់ព័ន្ធនឹងករណីអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក។ លោក រូប៊ីអូ បានថ្លែងយ៉ាងដូច្នេះថា៖«សហរដ្ឋអាម៉េរិកមានភាពច្បាស់លាស់ និងខ្ជាប់ខ្ជួនក្នុងការប្រឆាំងចំពោះនយោបាយរបស់ ICC ការរំលោភបំពានអំណាច ការមិនយកចិត្តទុកដាក់ចំពោះអធិបតេយ្យភាពជាតិរបស់យើង និងការរំលោភលើប្រព័ន្ធតុលាការខុសច្បាប់»។
ចំណាត់ការនេះ អាចក្លាយជាចំណុចរារាំងដល់ដំណើរការរបស់តុលាការ និងការិយាល័យរបស់ព្រះរាជអាជ្ញា នៅពេលពួកគេដោះស្រាយជាមួយសំណុំរឿងសំខាន់ៗ រួមទាំងការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ជុំវិញការឈ្លានពានលើអ៊ុយក្រែន។ ICC មានយុត្តាធិការលើអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសសមាជិកចំនួន១២៥ ប៉ុន្តែប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាម៉េរិក ចិន រុស្ស៊ី និងអ៊ីស្រាអែល មិនទទួលស្គាល់សិទ្ធិអំណាចរបស់តុលាការនេះទេ៕
