ឯកឧត្ដម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយលោក លោកស្រី ប្រធានមន្ទីរផែនការរាជធានី ខេត្ត ដើម្បីពិភាក្សាលើតារាងគំរូប្រមូលទិន្នន័យតាមបណ្តាមន្ទីរ អង្គភាព រាជធានី ខេត្ត

ភ្នំពេញ÷នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥
ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារជំរុញការអនុវត្តគោលនយោបាយស្ថិតិផ្លូវការ និងពង្រឹងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយលោក លោកស្រី ប្រធានមន្ទីរផែនការរាជធានី ខេត្ត ដើម្បីពិភាក្សាលើតារាងគំរូប្រមូលទិន្នន័យតាមបណ្តាមន្ទីរ អង្គភាព រាជធានី ខេត្ត។
នាឱកាសនោះ ឯកឧត្តម រិន វីរៈ បានមានប្រសាសន៍បើកកិច្ចប្រជុំថា ដោយផ្អែកលើអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ស្តីពីការបង្កើតវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ និងអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានកំណត់ថា នាយកដ្ឋានស្ថិតិថ្នាក់ក្រោមជាតិនៃវិទ្យាស្ថានជាតិស្ថិតិ មានភារកិច្ចដឹកនាំរៀបចំ ប្រមូល ចងក្រង និងវិភាគទិន្នន័យស្ថិតិរដ្ឋបាលតាមវិស័យនៅថ្នាក់ក្រោមជាតិ និងប្រភពផ្សេងៗ ឱ្យមានសង្គតិភាព និងសមាហរណកម្មទិន្នន័យស្ថិតិ សម្រាប់គាំទ្រដល់ការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ។
ក្នុងន័យនេះ នាយកដ្ឋានស្ថិតិថ្នាក់ក្រោមជាតិ បានរៀបចំតារាងគំរូសម្រាប់ប្រមូលទិន្នន័យតាមបណ្តាមន្ទីរ អង្គភាព រាជធានី ខេត្ត ដើម្បីដាក់ជូនលោក លោកស្រីប្រធានមន្ទីរផែនការរាជធានី ខេត្ត ពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីជាធាតុចូលសម្រាប់កែលម្អឱ្យកាន់តែពេញលេញ គ្រប់ជ្រុងជ្រោយ និងគ្រប់ទិដ្ឋភាព អាចឆ្លុះបញ្ចាំងពីតថភាពសង្គម សេដ្ឋកិច្ច។

