អ៊ុយក្រែនទទួលបានមកវិញ នូវអ្នកទោសសង្រ្គាម ៨៤នាក់ទៀត ក្នុងការដោះដូរថ្មីចុងក្រោយបង្អស់ជាមួយរុស្ស៉ី

កៀវ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ អាជ្ញាធរនៅអ៊ុយក្រែនបានឱ្យដឹងថា អ៊ុយក្រែនទើបទទួលបានមកវិញ នូវអ្នកទោសសង្រ្គាម ៨៤នាក់ទៀត ក្នុងការដោះដូរថ្មីចុងក្រោយបង្អស់ជាមួយរុស្ស៉ី ដែលរួមមានជនស៉ីវិលជាច្រើននាក់ផងដែរ។
យោងតាមគណៈកម្មាធិការជាតិរបស់អ៊ុយក្រែន ដែលទទួលបន្ទុកបញ្ហាឈ្លើយសឹក ការដោះដូរកាលពីថ្ងៃព្រហស្បតិ៍ រួមមានទាហាន ៣៣នាក់ និងជនស៉ីវិល៥១នាក់ ហើយក្នុងចំណោមនោះ មានអ្នកទោសម្នាក់ បានជាប់ឃុំឃាំងអស់រយៈពេលរហូតដល់ទៅជាង ៤០០០ថ្ងៃ ពោលគឺលើសពីមួយទសវត្សរ៍។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសនៅលើបណ្តាញ X ថា ក្នុងចំណោមជនស៉ីវិល ដែលត្រូវបានដោះលែង គឺរួមមានអ្នកដែលស្ថិតក្រោមការឃុំឃាំងរបស់រុស្ស៉ី តាំងតែពីឆ្នាំ២០១៤ ២០១៦ និង២០១៧ ខណៈក្នុងចំណោមកងទ័ព គឺអ្នកដែលបានប្រយុទ្ធការពារទីក្រុង Mariupol។
គួរបញ្ជាក់ថា ទីក្រុងកៀវនិងមូស្គូ បានធ្វើការដោះដូរឈ្លើយសឹកជាប្រចាំ អំឡុងសង្រ្គាមដែលអូសបន្លាយរយៈពេលជាង ៣ឆ្នាំកន្លះ មកហើយរវាងប្រទេសទាំងពីរ។ គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ អ៊ុយក្រែននាំយកឈ្លើយសឹក បានជាង៥០០០នាក់ ត្រឡប់មកវិញ៕
