១៧ថ្ងៃហើយដែលទាហានខ្មែរ១៨នាក់ ត្រូវបានទាហានថៃ ចាប់ទៅដោយខុសច្បាប់

ភ្នំពេញ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ១៧ថ្ងៃហើយដែលទាហានខ្មែរ១៨នាក់ ត្រូវបានទាហានថៃ ចាប់ទៅដោយខុសច្បាប់ កម្ពុជានិងសហគមន៍អន្តរជាតិ សូមបន្តអំពាវនាវឲ្យថៃធ្វើការដោះលែងពួកគេមកវិញ ឲ្យបានឆាប់ ខណៈក្រុមគ្រួសាររបស់ជនរង គ្រោះបានកំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែសីហា នេះ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់តាំងពីម៉ោង១២ រំលងអាធ្រាតថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ រហូតដល់ម៉ោង៦:០០នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែន នៅក្នុងយោធភូមិភាគទី៤ យោធភូមិភាគទី៥ នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យមាន សភាពស្ងប់ស្ងាត់ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តក្រើនរំលឹកដល់ភាគីថៃថា ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង (កម្ពុជា-ថៃ) នឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសុខសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងទំាងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញចង់បានផងដែរ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធាប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជានោះ នឹងបន្តចុះត្រួតពិនិត្យ នៅតំបន់អានសេះ ខេត្តព្រះវិហារ៕
