នាយករដ្ឋមន្រ្តីឥណ្ឌា នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ជាលើកដំបូងក្នុងរយៈពេល ៧ឆ្នាំ ចំពេលមាន ភាព តានតឹង ជាមួយ សហរដ្ឋ អាមេរិក

ញូវដែលី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ ២០២៥ មន្រ្តីរដ្ឋាភិបាលម្នាក់និយយាថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ជាលើកដំបូងក្នុងរយៈពេល ៧ឆ្នាំ ខណៈដែលវាជាសញ្ញាផ្នែកការទូត ថ្មីមួយរវាងញូវដែលីជាមួយ ប៉េកាំង ចំពេលមាន ភាព តានតឹង ជាមួយ សហរដ្ឋ អាមេរិក។
ប្រភពដដែលបានឱ្យដឹងថា លោក Modi ទៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំពហុភាគគីនៃអង្គការសហប្រតិបត្តិការ Shanghai (SCO) ដែលចាប់ផ្តើមនាថ្ងៃទី៣១ ខែសីហា។
គម្រោងធ្វើទស្សនកិច្ចនេះ គឺចំពេលដែលទំនាក់ទំនងឥណ្ឌាជាមួយសហរដ្ឋអាមេរិក ប្រឈមមុននឹងបញ្ហាធ្ងន់ធ្ងរ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពន្ធគយខ្ពស់លើទំនិញនាំចូលពីឥណ្ឌា ជាមួយនឹងការគំរាមចាត់វិធានការផ្សេងទៀត ជុំវិញការបន្តទិញប្រេងរុស្ស៉ី។ ជុំវិញដំណឹងនេះ ក្រសួងការបរទេសឥណ្ឌា មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។
គួរបញ្ជាក់ថា លោក Modi ធ្លាប់ទៅកាន់ទីក្រុង Tianjin របស់ចិនជាលើកទីមួយ សម្រាប់កិច្ចប្រជុំ SCO កាលពីខែមិថុនា ឆ្នាំ ២០១៨។ ក្រោយមកទំនាក់ទំនងចិន-ឥណ្ឌាបានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយការប៉ះទង្គិចគ្នាផ្នែកយោធា នៅតាមព្រំដែនតំបន់មានជម្លោះក្នុងឆ្នាំ២០២០៕
