ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សព្វផ្សាយឱកាសការងារជាង២៥ម៉ឺនកន្លែងជូនប្រជាពលរដ្ឋនៅឃុំចំនួន៨ក្នុងខេត្តព្រៃវែង

ព្រៃវែង៖ ឯកឧត្តម ហែម ហឿន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា បានដឹកនាំមន្ត្រីក្រោមឱវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយឱកាសការងារជាង២៥ម៉ឺនកន្លែង និងបង្កើនការចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET ១,៥លាននាក់ ជូនដល់ប្រជាពលរដ្ឋប្រមាណ ១,៧៣០នាក់ ក្នុងឃុំចំនួន៨ នៃស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ។
ថ្លែងក្នុងវេទិកាផ្សព្វផ្សាយនោះ ឯកឧត្តម ហែម ហឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយ:ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបតាមរយៈការផ្តល់ឱកាសការងារ ការផ្តល់ការបណ្តុះបណ្តាល និងការមើលថែទាំដោយផ្តល់សេវាគាំពារសង្គមផ្សេងៗ។
ជាមួយគ្នានោះ ឯកឧត្តម ហែម ហឿន បានអំពាវនាវឱ្យប្រជាពលរដ្ឋណែនាំដល់សាច់ញាតិដែលកំពុងនៅប្រទេសថៃឱ្យត្រឡប់មកមាតុភូមិវិញ ព្រោះនៅក្នុងប្រទេសកម្ពុជាមានការងារសម្បូរបែប ហើយមានអត្ថប្រយោជន៍ច្រើនដែលប្រទេសថៃមិនមាន។
សូមបញ្ជាក់ថា ការផ្សព្វផ្សាយពីឱកាសការងារជាង ២៥ម៉ឺនកន្លែងនេះធ្វើឡើងនៅឃុំចំនួន៨រួមមាន ឃុំដំរីពួន ឃុំអង្គរទ្រេត ឃុំទឹកថ្លា ឃុំពានរោង ក្នុងស្រុកស្វាយអន្ទរ និង ឃុំដូនកឹង ឃុំត្របែក ឃុំស្មោងខាងជើង ឃុំស្មោងខាងត្បូង ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង៕

