អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ កិច្ចប្រជុំកម្រិតបណ្តាភូមិភាគកម្ពុជា-ថៃ បានឯកភាពគ្នាគ្រប់យ៉ាងដូចអ្វីដែលរាជរដ្ឋាភិបាលទាំងពីរសម្រេច

ភ្នំពេញ៖ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកម្រិតបណ្តាយោធភូមិភាគកម្ពុជា និងយោធភូមិភាគថៃ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានឯកភាពគ្នាទាំងស្រុងរហូតបានចុះហត្ថលេខាលើកំណត់ហេតុ លើបទឈប់បាញ់គ្នា និងមិនបង្កើនកងទ័ពដែលមានស្រាប់ និងករណីជាច្រើនចំណុចទៀតស្របទៅតាមការឯកភាពរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកាលពីម្សិលមិញ។
នៅក្នុងសន្និសីទស្តីពីបច្ចុប្បន្នភាពនៃព្រំដែនកម្ពុជា និងថៃ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថាដូចអ្វីដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ(កម្ពុជា-ថៃ)បានឯកភាពគ្នាយ៉ាងដូច្នេះដែរ គឺនៅព្រឹកមិញនេះ មេភូមិភាគ៥កម្ពុជាបានជួបប្រជុំជាមួយមេភូមិភាគទី១របស់ថៃនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជួបពិភាក្សាជាមួយមេបញ្ជាការកងការពារព្រំដែនចាន់បូរី.ត្រាតរបស់ថៃនៅស្ពានតំបន់សច្រកព្រំដែនព្រហ្ម ខេត្តប៉ៃលិន នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយកិច្ចជំនួបដាច់ដោយឡែកពីគ្នានេះគឺទទួលបានលទ្ធផលល្អ ដោយភាគីទាំងសងខាងបានឯកភាពគ្នា គ្រប់យ៉ាងដូចអ្វីដែលរាជរដ្ឋាភិបាលប្រទេសទាំងពីរបានព្រមព្រៀងគ្នា។
ក្រោយកិច្ចប្រជុំដាច់ដោយឡែកពីគ្នានេះភាគីកម្ពុជា និងថៃបានឯកភាពគ្នាចំនួន៤ចំណុច ដោយក្នុងនោះ៖១-គោរពបទឈប់បាញ់គ្នា,២-ឈប់បង្កើនទ័ព,៣-ភ្ជាប់ទំនាក់ទំនង និងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក និងទី៤-ឆ្លងយោបល់ថ្នាក់លើប្រសិនបើមានបញ្ហាណាមួយ ខណៈករណីដែលនៅសេសសល់គឺនឹងលើកយកទៅពិភាគ្សានៃកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ដោយឡែកកិច្ចជំនួបរវាងមេភូមិភាគទី៤កម្ពុជា និងមេភូមិភាគទី២របស់ថៃនៅច្រកអូស្មាច់វិញក៏បានឯកភាពគ្នាលើចំណុចទាំង៤ខាងលើផងដែរ រួមទាំងបានឯកភាពគ្នាលើចំណុចមួយចំនួនទៀត ដោយក្នុងនោះភាគីទាំងពីរ នឹងបង្កើតក្រុមទំនាក់ទំនងដោយភាគីកម្ពុជាមានចំនួនបួននាក់ ខាងភាគីថៃ មានចំនួនបួននាក់ដូចគ្នា។
សូមបញ្ជាក់ថានៅក្នុងកិច្ចជំនួបជាមួយមេភូមិភាគីទី៤របស់កម្ពុជាគឺលោកឧត្តមសេនីយ៍ឯក ពៅ ហេងនោះ លោកឧត្តមសេនីយ៍ ប៊ុនស៊ីង ផាកខ្លាង (Gen. Boonsin Padklang) ក៏បានបង្ហាញការសោក ស្តាយចំពោះការខូចខាត បាត់បង់ជីវិត ទ្រព្យសម្បត្តិ និងធ្វើឲ្យមានការលំបាកទាំងសងខាងក្រោយមានព្រឹត្តិការណ៍ផ្ទុះអាវុធកើតឡើងរវាងប្រទេសទាំងពីរផងដែរ៕
