សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា «កុមារជាទំពាំងស្នងឫស្សី» និង «កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ»។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដានេះ សម្ដេចធិបតីលើកឡើថាថា ការដាក់ឱ្យដំណើរការ «មណ្ឌលផ្កាឈូក» នាពេលនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយ និងមិនធ្លាប់មាន សម្រាប់ផ្តល់ការថែទាំ, ការគាំពារ, ការការពារ និង ការស្តារនីតិសម្បទាជូនដល់ជនរងគ្រោះដោយសារអំពើរំលោភបំពាន និង មានលក្ខណៈពិសេសតែមួយគត់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារ «មណ្ឌលផ្កាឈូក» ផ្តោតសំខាន់លើជនរងគ្រោះ និងការប្រើប្រាស់នូវបច្ចេកវិទ្យា និង វិធីសាស្រ្តទំនើបក្នុង
ការស៊ើបអង្កេត, ការស្រាវជ្រាវ និង ការវិភាគបទល្មើស។
សម្តេចធិបតីបន្តថា កុមារកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួន ដូចជា អំពើហិង្សាលើកុមារ, ការកេងប្រវ័ញ្ច និង ការជួញដូរកុមារ, ការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀន, កុមារបម្លាស់ទី, កុមាររងផលប៉ះពាល់ដោយសារការធ្វើចំណាកស្រុក, កុមារបោះបង់ការសិក្សា,កុមារកង្វះអាហាររូបត្ថម្ភជាដើម។
សម្តេចមធិបតី បន្ថែមថា ប្រឈមនឹងបញ្ហាដូចខាងលើនេះ ទាមទារឱ្យក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍ ព្រមទាំងអាណាព្យាបាល រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ៕



