ក្រសួងសុខាភិបាលថៃ ទទួលស្គាល់អំពីការកើនឡើងនៃអត្រាឆ្លងមេរោគអេដស៍ក្នុងចំណោមយុវជនថៃ

បាងកក៖ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ជ័យជម្នះ តេជតេជោ កាលពីថ្ងៃចន្ទទី៧កក្កដា បានទទួលស្គាល់អំពីការកើនឡើងនៃអត្រាឆ្លងមេរោគអេដស៍ក្នុងចំណោមយុវជនថៃ ខណៈក្រសួងបានប្រកាសផែនការសហការជាមួយស្ថាប័នអប់រំ ដើម្បីចែកចាយស្រោមអនាម័យ និងផ្តល់ការអប់រំសុខភាពផ្លូវភេទ។ នេះបើតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍។
ក្នុងសម័យប្រជុំសភា លោក ជ័យជម្នះ តេជតេជោ បានឆ្លើយតបទៅនឹងសំណួររបស់សមាជិកព្រឹទ្ធសភាថៃ ទាក់ទងនឹងយុទ្ធសាស្ត្រការពារមេរោគអេដស៍ និងការបែងចែកថវិការបស់ប្រទេសថៃ។ លោកបាន បញ្ជាក់ ថា ជារួម តួលេខ អេដស៍មាន ការ ថយ ចុះ ប៉ុន្តែករណីឆ្លងលើយុវជនថៃនៅតែមានចំនួនច្រើន។
យ៉ាងណា ក្រសួងក៏នឹងសហការជាមួយក្រុមហ៊ុនឯកជនក្នុងវិស័យដែលមានហានិភ័យខ្ពស់ និងពង្រីកកន្លែងធ្វើតេស្តរកមេរោគអេដស៍ផងដែរ។ ក្រសួងបានកំណត់គោលដៅកំណត់នៃការឆ្លងថ្មីមិនឱ្យលើសពី ១០០០រណីក្នុងមួយឆ្នាំ និងការស្លាប់ឱ្យតិចជាង៤០០០ករណីមួយឆ្នាំ។ រាជធានី/ខេត្តដែលមានអត្រាឆ្លងខ្ពស់បំផុតរួមមាន៖ រាជធានីបាងកក ខេត្តជលបុរី ខនកេន និងនគររាជសីមា ដែលសុទ្ធសឹងតែជាតំបន់មានចំនួនអ្នកទេសចរច្រើន។
ក្រសួងចំណាយថវិកា៨,៤ពាន់លានបាត ជារៀងរាល់ឆ្នាំលើការការពារមេរោគអេដស៍ និងការថែទាំអ្នកជំងឺ ដែលរួមមាន៧,៧ពាន់លានបាតជាមូលនិធិក្នុងស្រុក និង ៧៨៨លានបាតជាជំនួយអន្តរជាតិ។ ឱសថព្យាបាលមានចំនួន៦,២ពាន់លានបាត ខណៈកម្មវិធីបង្ការទទួលបាន១,២ពាន់លានបាត។
ក្នុង ចំណោម មនុស្ស ប្រមាណ៥សែន នាក់ ទទួល បាន ការ ព្យាបាលមានជាង៥៧០០ នាក់ ជា ជនបរទេស។ ថ្លៃព្យាបាលជាមធ្យម១២០០០បាត សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំៗ។ យ៉ាងណា ការស៊ើបអង្កេតរបស់ព្រឹទ្ធសភា បានគូសបញ្ជាក់ពីការព្រួយបារម្ភអំពីប្រសិទ្ធភាពនៃការបង្ការមេរោគអេដស៍របស់ប្រទេសថៃ និងបន្ទុកហិរញ្ញវត្ថុក្នុងការព្យាបាលជនបរទេស ដែលមានផ្ទុកមេរោគអេដស៍៕
