សម្តេចធិបតី ណែនាំបន្តជំរុញការសិក្សាពេញមួយជីវិតតាមរយៈការបង្កើត និងការដាក់ចេញនូវគំនិតផ្តួចផ្តើមនានា ដែលចូលរួមលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់មនុស្សពេញវ័យ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំបន្តជំរុញការសិក្សាពេញមួយជីវិតតាមរយៈការបង្កើត និងការដាក់ចេញនូវគំនិតផ្តួចផ្តើមនានា ដែលចូលរួមលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់មនុស្សពេញវ័យ ក្នុងការទទួលបានឱកាសសិក្សា និង បណ្តុះបណ្តាលជាបន្តបន្ទាប់ សំដៅរក្សាភាពប្រកួតប្រជែង និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្ដែងនៃទីផ្សារការងារ។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបន្តពង្រឹងអភិបាលកិច្ចសាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងសាលារៀនគោលដៅ «គវអ» ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធអប់រំខេត្ត ឱ្យកាន់តែរឹងមាំ ទំនើប និងប្រកបដោយ នវា នុវត្តន៍ សំដៅធានាបាននូវសេវាអប់រំដែលមានគុណភាព ប្រសិទ្ធភាព និង សមធម៌ ។
ជាមួយគ្នានេះសម្តេចធិបតីបានណែនាំឱ្យបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូសំដៅលើកកម្ពស់គុណវុឌ្ឍគ្រូ ឱ្យស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន, ជាតិ និង អន្តរជាតិ, ដោយត្រូវផ្តល់ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្រៀន ជាប្រចាំ និងឧបករណ៍គាំទ្រចាំបាច់នានា ស្របតាមវិធីសាស្ត្របង្រៀនបែបថ្មី និងការអប់រំឌីជីថល៕

