សម្តេចតេជោ ផ្តាំទៅថៃកុំឱ្យតេមករញ៉េរញ៉ៃដល់សម្តេចទៀតដើម្បីឲ្យកម្ពុជាពិភាក្សាទ្វេភាគីជាមួយខ្លួនរឿងបើកព្រំដែន

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូអ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តាំទៅភាគីថៃថា ឈប់តេមករញ៉េរញ៉ៃរំខាន់ដល់សម្តេចបន្តទៀត ក្នុងគោលបំណងឲ្យកម្ពុជាធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយខ្លួន ដើម្បីបើកព្រំដែនកម្ពុជា និងថៃឡើងវិញនោះ ដោយសម្តេចបានបញ្ជាក់ថា កាលពួកអ្នកបិទក៏ឯកតោភាគី ដូច្នេះត្រូវបើកជាឯកតោភាគីវិញចុះ កម្ពុជាដាច់ខាតមិនធ្វើការចចារជាមួយនោះឡើយ។
សម្តេចតេជោបានលើកឡើងថា ប៉ុន្មានថ្ងៃមកនេះ មានការតេមកញ៉ែញ៉ង និងរញ៉េរញ៉ៃខ្លាំងណាស់ មកសម្តេចដើម្បីស្នើសុំឲ្យកម្ពុជាជួបពិភាក្សាដើម្បីធ្វើការបើកច្រកព្រំដែនរវាងកម្ពុជា និងថៃឡើងវិញ ប៉ុន្តែ ត្រូវបានសម្តេចធ្វើការបដិសេធ ដោយប្រាប់ទៅវិញថា កម្ពុជាគ្មានការចចារទ្វេភាគីជាដាច់ខាត ខណៈ ការបិទច្រកព្រំដែននាពេលកន្លងទៅគឺភាគីថៃជាអ្នកធ្វើដោយឯកឯង ដូច្នេះត្រូវបើកដោយឯកឯងវិញចុះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះដើម្បីអនុវត្ត តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល-ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះឡើយ។ ការអនុវត្តវិធានការនេះគឺដើម្បីឆ្លើយតបទៅកាន់អទាហានថៃដែលបានបិទច្រកព្រំដែនជាឯកតោភាគី ខណៈការបិទនេះក៏នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះផងដែរ៕

