សម្តេចតេជោ ណែនាំដល់មន្ត្រីប្រចាំការច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ត្រូវខិតខំកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានណែនាំដល់មន្ត្រីប្រចាំការច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ត្រូវខិតខំកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដូចពាក្យថា «មានអ្នកជិតខាងល្អដូចមានមាស មានអ្នកជិតខាងអាក្រក់ដូចមានមីន»។
ការថ្លែងរបស់សម្តេចធ្វើឡើងក្នុងឱកាសសំណេះសំណាលជាមួយ មន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិ ក្នុងឱកាសអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២ ខែកក្កដានេះ។
សម្ដេចតេជោបានណែនាំឱ្យអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំយកចិត្តទុកដាក់លើការងារទាក់ទាញវិនិយោគិន ដើម្បីឱ្យមកបណ្តាក់ទុននៅតំបន់ម៉ឺនជ័យ ក្នុងវិស័យឧស្សាហកម្ម ពិសេសឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម បម្រើដល់ការផលិតក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ក្នុងឱកាសនោះសម្តេចតេជោ បានបញ្ជាក់ថា ការបើកព្រំដែនមិនគ្រាន់ ជាការបើកឱ្យមានការចេញចូលឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវជំរុញឱ្យមានសកម្មភាពវិនិយោគ និងពាណិជ្ជកម្ម ហើយទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម កាន់តែរីកធំឡើងជាបន្តបន្ទាប់ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅវៀតណាម កាន់តែរីកធំជាងមុន៕

