សម្តេចធិបតី៖ ទោះកម្ពុជាកំពុងមានបញ្ហាបិទច្រកព្រំដែន ប៉ុន្តែកម្ពុជាបានធានានូវសន្តិសុខស្បៀងជូនដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទោះកម្ពុជាកំពុងមានបញ្ហាបិទច្រកព្រំដែនជាមួយថៃពិតមែន ប៉ុន្តែកម្ពុជាបានធានានូវសន្តិសុខស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋដដែល។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានលើកឡើងថា ប្រទេសខ្លះចង់មើលងាយកម្ពុជារកវិធីសាស្រ្ដបិទទីផ្សារកម្ពុជា ប៉ុន្ដែចុងក្រោយបិទងាប់ខ្លួនឯង ដូច្នេះកុំភ្លេចប្រទេសខ្លះសេដ្ឋកិច្ចរាប់ពាន់លានជាលុយរបស់ពលរដ្ឋខ្មែរទេណា។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ទៀតថា បើទោះបីពិភពលោកកំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ប៉ុន្ដែប្រទេសកម្ពុជានៅបន្តសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរជាបន្តបន្ទាប់ និងធានាបាននូវសន្ដិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ៕

